Tuesday, November 26, 2024
Homeព័ត៌មានជាតិប្តីដឹកប្រពន្ធ បុកគេបាក់ជើង

ប្តីដឹកប្រពន្ធ បុកគេបាក់ជើង

ខេត្តកោះកុង ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន រួចក៏រេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូ ១គ្រឿងទៀត បណ្តាលឱ្យភាគីម្ខាងរងរបួសបាក់ជើង ចំណែកភាគី២នាក់ប្តីប្រពន្ធ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ១៤៨៣ ស្ថិតក្នុងភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ភាគីទី១- ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8863 បើកបរដោយឈ្មោះផុន ហេង ភេទប្រុស អាយុ៣១ឆ្មាំ ដឹកប្រពន្ធឈ្មោះសុខ ខែម អាយុ៣២ឆ្នាំ មានលំនៅភូមិក្អោង ឃុំចម្ការហ្លួង ស្រុកកំពុងសិលា (រងរបួសធ្ងន់-ស្រាល)។ ចំណែកភាគីទី២- ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B-4280 បើកបរដោយឈ្មោះចូច សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល (រងរបួសធ្ងន់ បាក់ជើងខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភាគីប្តីប្រពន្ធ២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៨៣ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងជា មានឧបសគ្គ ឬបញ្ហាអ្វី ស្រាប់តែរេចង្កូតម៉ូតូមកខាងឆ្វេងដៃ ចូលចំណែកផ្លូវម្ខាងទៀត រួចក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដា វ៉េវ ជិះដោយយុវជនឈ្មោះផុន ហេង ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (បញ្ច្រាសទិសគ្នា) យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម៉ូតូវ៉េវ រងរបួសធ្ងន់ បាក់ជើងខាងស្តាំ ចំណែកភាគីប្តីប្រពន្ធទាំង២នាក់ រងរបួសធ្ងន់-ស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ផូនទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកស្រែ អំបិល ដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់មក សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺដោយសារភាគីម៉ូតូម៉ាកហុងដា ឌ្រីម (ជិះគ្នា២នាក់ប្តីប្រពន្ធ) បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យរេចង្កូតចូលគន្លងផ្លូវខាងស្តាំនៃម៉ូតូវ៉េវ បណ្តាលឱ្យគ្រោះថ្នាក់តែម្តង៕

RELATED ARTICLES