ភ្នំពេញ៖តារាសម្ដែងអេមី (Ami)ដែលគេធ្លាប់ស្គាល់តាមរយៈការសម្ដែងភាពយន្ដជាច្រើនរឿងក្នុងតំណែងជាតួអ្នកបម្រើរដ៍សាកសមនោះស្រាប់តែលេចមុខសម្ពោធសម្អាងការមួយឈ្មោះថាMV ហ្គោល ដែលមានទីតាំងនៅផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩កញ្ញា ដោយមានតារាល្បីៗមួយចំនួនបានចូលរួមដូចជាអ្នកនាងប៉ែន សុផានី,ប៊ី រីយ៉ា ,ម៉ៃយ៉ា,សីសី ,លោកជា លាងឈែ ,អារិយ៉ា,លោកលៀក លីដា ថៅកែផលិតកម្មLDនិងតារាជាច្រើនដួងទៀត។



Ami បានឲ្យដឹងថាការបង្កើតមុខរបរសម្អាងការនេះឡើងបាននាពេលនេះ ដោយសារតែនាងបានគិតទុកមុនរយៈពេល៣ឆ្នាំមកហើយ ទើបធ្វើឲ្យក្ដីស្រម៉ៃក្លាយទៅជាការពិតនេះឡើងបានហើយមុខរបរថ្មីមួយនេះប្រើដើមទុនសរុបជាង៦ម៉ឺនដុល្លារ ដែលនាងចាប់ដៃសហការជាមួយយ៉េន វី នូវភាគហ៊ុន៥០%ម្នាក់ បន្ទាប់ពីនាងនិងលោកបានស្គាល់គ្នាជាច្រើនឆ្នាំ។តារាសម្ដែងដែលត្រូវប៉ាន់តែតួអ្នកបម្រើររូបនេះបន្ថែមថាមុនសម្ពោធហាងសំអាងការនាងមានអថិជនកក់ចំនួន១៥រោងរួចទៅហើយ ខណៈដែលនៅថ្ងៃជប់លៀងបើកហាងថ្មីនេះដែរមានភ្ញៀវកក់២រោងទៀតសរុបបានភ្ញៀវ១៧រោង ដែលកញ្ចប់តម្លៃមានចាប់ពី១៩០០ទៅ៤៩០០ដុល្លារ។ដោយឡែកលោកយ៉េន វី វិញបានឲ្យដឹងដែរថាលោកមានបទពោសោធន៍ខាងសម្អាងការរយៈពេល១៥ឆ្នាំមកហើយ ហេតុនេះមានរំពឹងថាហាងថ្មីដែលចាប់ដៃជាមួយអេមី នឹងមានអថិជនគាំទ្រកាន់តែច្រើននាពេលខាងមុខ។លោកថាប្រសិនបើហាងមួយនេះជោគជ័យ នាថ្ងៃអនាគតលោកគ្រោងទៅបើកសំអាងការមួយទៀតនៅខេតុ្តកំពង់ចាមដែលជាទឹកដីស្រុកកំណើតរបស់លោកផងដែរ។




អេមី ថានៅថ្ងៃសម្ពោធហាងនាងចំណាយថវិការជាង១ម៉ឺនដុល្លារដើម្បីធ្វើកម្មវិធីជប់លៀង។ដោយឡែកទាក់ទងការងារសិល្បៈវិញAmi ប្រាប់ថានាងគ្មានបំណងផ្លាស់ប្ដូររ៉ូលលេងនោះទេព្រោះកន្លងមកជោគជ័យតែធ្វើជាអ្នកបម្រើរ ហើយនាងសូមអរគុណដល់ផលិតកម្មLD ដែលតែងតែផ្ដល់ឱកាសឲ្យនាងសម្ដែង និងផលិតកម្មអេគ្រី អាកទ័រ ដែលធ្វើឲ្យនាងមានមុខមាត់ រហូតសន្សំលុយបើកបានហាងសម្អាងការបានដូចបំណងនៅពេលនេះ៕




