ឆ្នេរកែប បន្ទាប់ពីបានកែលម្អផ្នែកមួយចំនួន បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត ច្រើនកុះករ នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ជាពិសេសក្នុងពេលបុណ្យទានផ្សេងៗ ។ ជាក់ស្តែង ក្នុងអំឡុងបុណ្យភ្ជុំបិណ្ទ ៣ថ្ងៃ នាខែដើមខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ឆ្នេរកែប ទាក់ទាញបានទេសចរទៅកម្សាន្ត ប្រមាណ ជិត ១០ម៉ឺននាក់។
ទាក់ទិនប្រវត្តិ ឈ្មោះ «កែប» យោងតាមឯកសារ “មហាបុរសខ្មែរ” បានសរសេរថា ឈ្មោះ “កែប” នេះ គឺក្លាយមកពីភាសាបារាំង (Cap) ដែលបារាំង ធ្លាប់ហៅ កាលដែលបារាំងដាក់នឹមអាណានិគមនៅកម្ពុជា ឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ពាក្យ (Cap) នេះ មានន័យជា ភាសាខ្មែរ ថា “ជ្រោយ” ស្របនឹងទីតាំងភូមិសាស្ត្រតំបន់កែប នេះមានរាងលយ ឬពយ ចូលទៅសមុទ្រ។ ហេតុនេះហើយទើបគេហៅថាក្រុងកែប ឬក្រុង(Cap) តាមភាសាបារាំង មានន័យថា “ជាទីក្រុងជ្រោយ” ដែលមានសណ្ឋានដីលយចូលសមុទ្រ ហើយពាក្យនេះក៍ចេះតែហៅតៗគ្នាថា“កែប” រៀងរហូតមក។
បើតាមរឿងព្រេងនិទាន បានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង មានស្តេចលាវ មួយព្រះអង្គ ព្រះនាម “សាគររាជ” ដែលមានវិជ្ជាគុនខ្លាំងពូកែណាស់ ហើយចេះវេទមន្តមហាសណ្តំពូកែទៀតផង។ នៅថ្ងៃមួយ ពេលដែល ព្រះអង្គ ទតឃើញសេះស មួយក្បាលដ៏ស្រស់ស្អាត មានព្រះទ័យចង់បាន ក៏ប្រើវេទមន្តមហាសណ្តំ លើមេទ័ពខ្មែរ ដែល ជាម្ចាស់សេះសនោះ ឲ្យដេកលង់លក់អស់រយៈពេលយ៉ាងយូរ ហើយក៏លួចយកសេះនោះ រត់គេចមកតាំងពីតំបន់អង្គរ (ក្នុងទឹកដីខេត្តសៀមរាបសព្វថ្ងៃ) ដោយនាំទាំងមហេសី និងពលសេនា មកជាមួយផង។ ក្រោយមក មេទ័ពដែលត្រូវសណ្តំ នោះ បានដឹងខ្លួនឡើងវិញ ហើយបាត់សេះជាទីស្រលាញ់ ក៏បាននាំពលដើររកសេះរបស់ខ្លួន តាមស្នាមដានជើងសេះ រហូតដល់តំបន់ភាគនិរតីនៃប្រទេស (ខេត្តកែប សព្វថ្ងៃ) ហើយបានឃើញសេះរបស់ខ្លួននៅជាមួយ “សាគររាជ”។
ក្នុងខណៈនោះក៏កើតមានចម្បាំងប្រយុទ្ធជាមួយគ្នាយ៉ាងស្វិតស្វាញ ហើយ “សាគររាជ” ពេលនោះច្បាំងមិនឈ្នះមេទ័ពខ្មែរ ក៏បានដកខ្លួនថយ ដោយឡើងលើខ្នងសេះនោះបំផាយ ដើម្បីភៀសខ្លួនចេញពីគ្រោះថ្នាក់ ប៉ុន្តែត្រូវសេះនោះកញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើខ្នងសេះនោះ ហើយរងរបួសជាតដំណំ ដោយជ្រុះកែបសេះនៅទីនោះទៀតផង។ នៅពេលឃើញគ្រោះមហន្តរាយបែបនេះ “សាគររាជ” ក៏ព្យាយាមស្ទុះឡើងលើខ្នងសេះរបស់ព្រះអង្គមួយទៀត បំផាយយ៉ាងលឿន គេចខ្លួនបាត់ស្រមោល ជាមួយនឹងពលសេនាទៅជាមួយផង។ លុះក្រោយមកទៀត ស្តេចលាវនោះ ក៏ចេះតែនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយ រហូតទៅបោះជំរំនៅលើកំពូលភ្នំមួយ (ភ្នំលាវ សព្វថ្ងៃ) ដែលស្ថិតនៅខាងកើតនៃកន្លែងដែលជ្រុះកែបសេះ ចម្ងាយប្រមាណជាង ៤គ.ម។ មិនយូរប៉ុន្មាន ដំណឹងនៃការបោះជំរំនេះ បានដឹងដល់មេទ័ពខ្មែរ ហើយមេទ័ពខ្មែរក៏ចាត់ពលឱ្យព័ទ្ធចាប់ស្តេចលាវ “សាគររាជ” នោះទៀត ហើយស្តេចលាវនោះក៏នាំមហេសី និងពលសេនា រត់ទៅលាក់ខ្លួនពូនអាត្មានៅភ្នំមួយទៀត ស្ថិតនៅខាងលិច ចម្ងាយប្រហែល ០១គ.ម ។ ចេញពីភ្នំមួយនេះទៅ “សាគររាជ” និងពលសេនា បានហែលឆ្លងសមុទ្រ ទៅបោះជំរំនៅកោះមួយ ចម្ងាយប្រមាណជាង ៤គ.ម ពីឆ្នេរដីគោក។ ក្រោយមក មេទ័ពខ្មែរ បានវាយលុកទៅលើកោះ នោះទៀត រហូតកងទ័ពលាវដែលនៅលើកោះទាំងអស់ ត្រូវបានរំសាយចេញអស់គ្មានសល់។ បន្ទាប់ពីនេះ នៅពេលដែលបែកបាក់កម្លាំងទ័ព រត់ចោលអស់ទៅ “សាគររាជ” ក៏រត់តែម្នាក់ឯងទៅសសៀរៗ នៅជុំវិញភ្នំមួយទៀត ស្ថិតនៅប៉ែកខាងជើងកន្លែងជ្រុះកែបសេះ ប្រហែលជាង ១០គ.ម។
ទាក់ទងនឹងប្រវត្តិរឿងព្រេងបែបនេះ ទើបគេហៅភ្នំដែលស្តេចលាវ បានបោះជំរំនោះថា “ភ្នំលាវ” រីឯភ្នំមួយទៀត ដែលស្តេចលាវបានលាក់ខ្លួនពូនអាត្មានោះថា “ភ្នំពូន” តែក្រោយមកហៅថា “ភ្នំពោន” វិញ ហើយភ្នំដែលស្តេចលាវ បានរត់សសៀរៗនោះ គេហៅថា “ភ្នំសសៀរ” រហូតដល់សព្វថ្ងៃនេះ ហើយចំពោះកោះដែលកងទ័ព “សាគររាជ” បានបោះជំរំនោះ ឈ្មោះថា “កោះរំសាយ” តែក្រោយមកហៅថា “កោះទន្សាយ” វិញ។ ចំណែកទីតាំងដែលជ្រុះកែបសេះ គេហៅថា “ភូមិកែបសេះ” តែក្រោយមកដោយឈ្មោះនេះវែងពេក ទើបគេហៅខ្លីត្រឹមថា “ភូមិកែប” រហូតដល់បង្កើតជាក្រុង មានឈ្មោះថា “ក្រុងកែប”។ ក្រោយឆ្នាំ១៩៧៩ ខេត្តកែប គ្រាន់តែជាឃុំមួយឈ្មោះថា “ឃុំកែប” ដែលស្ថិតនៅចំណុះស្រុកកំពត ខេត្តកំពត។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩២ រដ្ឋសភា នៃរដ្ឋកម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែប ឡើងវិញ។ ក្រោយមកបានដូរឈ្មោះទៅជា ”ខេត្តកែប” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ តមកដល់សព្វថ្ងៃ៕