ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថា នាពេលថ្មីនេះៗ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន បានប្រើប្រាស់រូបក្រដាសប្រាក់រៀល ដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬបំប្លែងរូបភាព សម្រាប់គោលបំណងផ្សេងៗ។

ធនាគារជាតិ នៃកម្ពុជា សូមក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសាធារណជនទូទៅ មេត្តា ជ្រាបថា សកម្មភាពបែបនេះ បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់តម្លៃជាតិ។ តាមរយៈនិមិត្តសញ្ញានិងរូបភាពនានានៅលើក្រដាសប្រាក់ រូបិយវត្ថុជាតិ ឆ្លុះបញ្ចាំងអំពី ឯកភាពជាតិ កេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។
ធនាគារជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា “ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់រៀល មិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេសនិងប្រជាជាតិកម្ពុជា ទាំងមូល”។
យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិ នៃកម្ពុជា ក្រដាសប្រាក់ គឺជាទម្រង់មួយ នៃទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់ មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការ។

ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាស អាចធ្វើឱ្យក្រដាសប្រាក់នេះ បាត់តម្លៃ ឬត្រូវបានដកហូតចេញពីចរាចរណ៍។ ម៉្យាងទៀត មាត្រា៦៥ ចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូល នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើ ដែនដីនៃរដ្ឋដទៃទៀត នឹងត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២០ឆ្នាំ ដល់អស់មួយជីវិត៕