ភ្នំពេញ៖រយៈពេល៤ខែហើយដែលអ្នកនាងលី ម៉ារីណា រងចាំអតីតប្ដីលោកសាត ចាន់ថន យកគ្រឿងអលង្ការមានមាស ពេជ្រ ដែលនាងចោទថាអាណិកជនខ្មែរអាមេរិករូបនេះលួចទ្រព្យនាងអស់ពីខ្លួននោះមកសងនាងវិញ ប៉ុន្ដែការទន្ទឹងរងចាំនោះហាក់ដូចជា”កាប់បំពង់រងចាំទឹកភ្លៀង”រហូតដល់នាងថាលោកចាន់ថន បានទ្រព្យពីនាងហើយ”ជិះសេះលែងដៃ”តែម្ដង។

លី ម៉ារីណា ប្រាប់”នគរធំ”កាលពីថ្ងៃទី៩កញ្ញា ថាលោកចាន់ថន បានគ្រឿងអលង្ការពីនាងហើយគឺ”ជិះសេះលែងដៃ”អត់មានក្វល់ក្វាយថាម្ចាស់ទ្រព្យគេឈឺចាប់ប៉ុណ្ណាឡើយ។តារាកូន១រូបនេះបន្ថែមថាសូមឲ្យអតីតប្ដីគិតពិចារណាឡើងវិញទៅ ថានាងចិញ្ចឹមកូន អីចឹងកុំធ្វើបាបនាងដល់ម្លឹងអី ហើយឲ្យតែលោកព្រមយកទ្រព្យទាំងនោះប្រគល់ឲ្យនាងវិញ នោះគឺនាងនឹងប្រកាសជាសាធារណៈឲ្យគ្រប់គ្នាបានដឹងតែម្ដង តែពេលនេះស្ងាត់ឈឹងហើយគាត់(ចាន់ថន)តែងតែប្រាប់គេថាគាត់មិនចង់បាន មិនលូកដៃយករបស់ទាំងនោះទេ អីចឹងនាងឆ្ងល់ថាបើមិនចង់បានទេម៉េចបានមិនព្រមយកមកឲ្យនាងវិញបែបនេះ?ម៉ារីណា បន្ថែមថាសម្រាប់អារម្មណ៍ផ្លូវចិត្តរបស់នាងនាពេលនេះគឺនាងសូមនិយាយដោយត្រង់(ហ្សីន)ថាពេលដែលនាងមានការងារធ្វើច្រើនដូចជាថតកុន និងLive លក់ផលិតផលឬធ្វើការងារជាBA ឲ្យផលិតផលគេនោះនាងហាក់ភ្លេចៗបានខ្លះមិនសូវពិបាកចិត្តទេ ប៉ុន្ដែពេលដែលនាងទំនេរនៅផ្ទះអីដឹងតែមានអារម្មណ៍ឈឺចាប់ព្រោះទ្រព្យសម្បត្តិគ្រឿងមាស ពេជ្រ ទាំងនោះនាងបានប្រឹងរកវាតាំងពីមុនចាប់ដៃគ្នាជាមួយលោកចាន់ថន ម្លេះដែលរបស់ខ្លះជារបស់នាងផង មួយជំនួនទៀតរបស់ម្ដាយនាងក៍មាន អីចឹងនៅពេលដែលគ្រប្រមូលទៅខ្ទេចបែបនេះសួរថាឈឺចាប់យ៉ាងណានោះគឺមានតែអ្នករងគ្រោះដូចនាងទើបយល់។

ថ្វីត្បិតតែលី ម៉ារីណា បៀមទុក្ខម្នាក់ឯងព្រោះចាប់ពីពេលនេះតទៅនាងត្រូវរ៉ាប់រងចិញ្ចឹមកូនតែឯង ហើយទ្រព្យក៍នាងថាត្រូវលួចអស់ពីខ្លួនបែបនេះក្ដី ប៉ុន្ដែម៉ារីណា នៅរក្សារជំហមួយថានាងគ្មានផែនការណ៍ប្ដឹងអតីតប្ដីឡើងតុលាការជាដាច់ខាត ព្រោះនាងមានហេតុផលផ្ទាល់ខ្លួនថាលោកចាន់ថន ជាឪពុកកូនប្រុស និងពីមុនធ្លាប់ជាប្ដីនាង ហេតុនេះហើយនាងមិនចង់ឃើញលោកប្រឈមជាប់ពន្ធនាគារឡើយ។តែអ្នកមេម៉ាយកូន១សម្រស់នៅតែផូផង់រូបនេះក៍បង្ហើបថាមុននេះលោកថន ចង់ប្ដឹងយកកូនប្រុសពីនាង ប៉ុន្ដែនាងមិនព្រមឲ្យជាដាច់ខាតព្រោះខំពពោះនិងចិញ្ចឹមបានធំប៉ុណ្ណេះ ម្យាងមានកូនតែមួយចឹងប្ដឹងដល់ណាក៍នាងមិនឲ្យទៅដែរ។

ក្រៅពីកំពុងរងទុក្ខសោករឿងបេះដូងផងស្ដាយទ្រព្យផងនេះលី ម៉ារីណា ក៍នៅតែបន្ដការងារសិល្បៈរបស់នាងតទៅទៀតដែរដោយនៅចុងឆ្នាំ២០២២ នេះនាងត្រៀមថតភាពយន្ដបុរាណថ្មី១រឿងទៀតឲ្យហង្សមាស ខណៈដែលកន្លងមកគេឃើញនាងធ្លាប់ថតរឿងឲ្យផលិតកម្មនេះជាញឹកញាប់។ម៉ារីណា ថានាងរក្សារជំហដូចមុនគឺក្នុង១ឆ្នាំនាងទទួលថតតែ១រឿងទេ ដើម្បីយកពេលវេលាទៅរកស៊ីនិងធ្វើការតាមOnline ព្រោះមុខរបរនោះនាងក៍អាចរកប្រាក់ចំណូលបានច្រើនដែរក្នុង១ខែៗ។ដោយឡែកទាក់ទងរឿងយកគូស្នេហ៍ថ្មីវិញម៉ារីណា បង្ហើបថានាងមិនអាចកំណត់ថាប្រើជីវិតមេម៉ាយប៉ុន្មានខែឬឆ្នាំបានទេ ព្រោះនៅលើជាក់ស្ដែងតែតាមចិត្តនាងគឺនឹងមិនជ្រើសបុរសជាអាណិកជននៅក្រៅស្រុកម្ដងទៀតឡើយ។

គូរបញ្ជាក់ថាលី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជិត១០ឆ្នាំនេះអ្នកទាំងពីរទទួលបានកូនប្រុស១ឈ្មោះសាត ថៃសាន់ ។នេះគឺជាការបរាជ័យស្នេហ៍ជាលើកទី២ បន្ទាប់ពីម៉ារីណា បានចែកផ្លូវគ្នាជាមួយអតីតប្ដីនាងលោកទឹត ថាវរិទ្ធ ដែលពេលនេះក្លាយទៅជាប្ដីរបស់នៅ សុនិតា ។យ៉ាងណាគេជឿរថាអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនិងមានសាច់សខ្ចីដូចលី ម៉ារីណា នេះប្រាកដជាមានប្រុសមិនតិចនាក់នោះទេដែលរងចាំត្រងស្នេហ៍និងស្អំរបួសបេះដូងនាងហេតុនេះហើយម៉ារីណា អាចនឹងរៀបការជាលើកទី៣ឆាប់ៗក៍ថាបានដើម្បីកប់ដានស្នេហ៍ចាស់៕