ភ្នំពេញ៖តារាសម្ដែងសួង ស៊ីធឿន ហៅស្រីតូច ដែលមានត្រេមុខដូចកូនកាត់ថៃនោះបានសារភាពថាបេះដូងនាងមិនមែននៅទំនេរនោះទេព្រោះមានម្ចាស់ចិត្តហើយ ដែលបុរសជាអនាគតស្វាមីនាងនោះគឺតារាសម្ដែងលោកអ៊ូ សំខាន់ និងបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមុនទៀតផង។ទោះជាយ៉ាងណាស៊ីធឿន ថាការកំណត់ពេលវេលារៀបការជាក់លាក់នោះនៅមិនទាន់គិតគូច្បាស់លាស់នោះទេ ព្រោះនាងចង់បង្កើតឲ្យមានមុខរបរក្រៅសិល្បៈសិន ទើបការតាមក្រោយ។


អតីតFreshie កាលពីឆ្នាំ២០១៦ រូបនេះបានឲ្យដឹងទៀតថាថ្មីៗនេះនាងទើបសម្ពោធផ្ទះសំណាក់១ឈ្មោះឃ្វីន បូទិកនៅផ្លូវ២០០៤ ដែលមាន២០បន្ទប់ ហើយតាមបំណងនាងចង់បើកសាខានៅទីតាំងផ្សេងមួយទៀតហើយពេលនេះកំពុងតែសម្លឹងមើលកន្លែងផ្សេងនោះហើយ។ស៊ីធឿន បន្ថែមថាតាំងពីមានមុខរបរផ្ទាល់ខ្លួនមកនាងបានកាត់បន្ថយការងារសិល្បៈច្រើន ប៉ុន្ដែមិនទាំងស្រុងទេ ខណៈរឿង”សំណើច652 Km”របស់ផលិតកម្មក្រុងពិជ័យ ដែលបានថតតាំងពីចុងឆ្នាំ២០១៩ តែមិនទាន់ដាក់តាមរោងកុនព្រោះតែកូវីដនោះនឹងគ្រោងបញ្ចាំងនៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។


គូរកត់សម្គាល់ថាសួង ស៊ីធឿន ជាស្រីស្អាតម្នាក់ដែលតែងតែលេងសម្រស់លេចធ្លោរនៅពេលដែលនាងបង្ហាញខ្លួនតាមកម្មវិធីសម្ពោធក្រុមហ៊ុនធំៗទើបធ្វើឲ្យបុរសមិនតិចនាក់ទេ លង់ស្នេហ៍នាង។ប៉ុន្ដែគូរឲ្យស្ដាយក្រោយស្រីស្រស់ស៊ីធឿន ចាប់ដៃប្រុសសង្ហារលោកសំខាន់ លេងរឿង”សំណើច652Km”នោះស្រាប់តែរឿងមិនទាន់ទាំងបានបញ្ចាំងផងពួកគេក៍លង់ស្រលាញ់គ្នាមែនទែនរហូតដល់ភ្ជាប់ពាក្យនិងត្រៀមរៀបការជាមួយគ្នានាពេលខាងមុខនេះទៀត ដែលរឿងនេះជាការបិតផ្លូវប្រុសៗទាំងឡាយមិនឲ្យតាមញ៉ែស្រីស្អាតរូបនេះបានទៀតឡើយ ព្រោះថានាងមានម្ចាស់ចិត្តឃុំគ្រងហើយ។


គេចាំបានថាការបើកបេះដូងទទួលស្នេហ៍ថ្មីនេះក្រោយពេលស្រីតូច បានកាន់ទុក្ខជូនអតីតគូដណ្ដឹងឈ្មោះលោកសូ ដារ៉ា ជាមន្រ្ដីបម្រើរការនៅអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)បានទទួលមរណភាពដោយគ្រោះថ្នាក់ចររាចរណ៍យ៉ាងរន្ធត់រហូតបាត់បង់ជីវិតកាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩។ដោយឡែកមុននាងស៊ីធឿន មានគូដណ្ដឹងនេះនាងធ្លាប់សម្ដែងខារ៉ាអូ និងឆក់បានតួឯកក្នុងភាពយន្ដមានដូចជារឿង” ”អង្រឹង”,”សសរកន្លោង”,”ឯណាខ្មោច?”និងរឿង”ទារុណកម្មខ្មោច” ជាដើម៕