ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា នៅតែជាតារាស្នូលរបស់Galaxy ថ្វីត្បិតតែអ្នកនិពន្ធសំខាន់របស់នាងលោកយឹម តាស្រង់ បានចាកចេញធ្វើឲ្យនាងហាក់បាត់បង់ដៃស្ដាំមែន ប៉ុន្ដែថ្មីៗនេះឧកញ៉ាព្រាប សុវត្ថិ និងលោកខេម បានវិលត្រឡប់មកចាប់ដៃគូជាមួយនាងវិញដដែល ទើបធ្វើឲ្យសន្ទុះតារាវ័យ២៥ឆ្នាំរូបនេះនៅតែមានសង្ឃឹមថានាងនឹងរុលទៅមុខថែមទៀត។ក្រៅពីលោកសុវត្ថិ និងខេម នៅតែឈពីក្រោយខ្នងចាំជួយជ្រោមជ្រែងនោះមិនយូទេនាងច័ន្ទសីម៉ា នឹងទទួលបានដៃគូថ្មីម្នាក់ទៀតនោះម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី១លោកប៊ុត សីហា នឹងចូលរួមជាមួយផលិតកម្មថ្មីហ៊ានចាយលុយធំនេះដែលពេលនោះសីម៉ា នឹងមានដៃគូចម្រៀងប្រុសសរុបដល់ទៅ៣នាក់ផ្សេងគ្នាធ្វើជាដៃគូចម្រៀងជាមួយនាង ស្របដែលរហូតមកដល់ពេលនេះផលិតកម្មGalaxy នៅតែមិនទាន់មានគោលដៅទិញតារាស្រីរូបណាយកទៅប្រជែងជាមួយនាងឡើយ ក្រោយបរាជ័យទាញនាងមាស សុខសោភា និងពេជ្រ សោភា ទៅធ្វើជាសមាជិកថ្មីរបស់ខ្លួន។

គូរកត់សម្គាល់ថាក្រៅពីរកបានដៃគូថ្មីនោះនាងតន់ ច័ន្ទសីម៉ា ក៍នៅមានច្រកមួយទៀតដើម្បីឲ្យអាជីពសិល្បៈរបស់នាងស្ទុះទៅមុខថែមទៀតដែរនោះគឺការសម្ដែងភាពយន្ដដែលGalaxy នឹងផ្ដល់តំណែងជាតួឯកឲ្យទៅនាងជាបន្ដបន្ទាប់នាពេលអនាគតផងដែរ ហេតុនេះហើយតារាដែលមានគីឡូប្រហាក់ប្រហែលគ្នាច្បាស់ជាពិបាកទប់ទល់នាងជាមិនខាន។ប៉ុន្ដែសម្រាប់អ្នកដឹកនាំកម្មវិធីសិល្បៈតាមបណ្ដារទូរទស្សន៍ទាំងឡាយនៅតែឈឺក្បាលជាមួយច័ន្ទសីម៉ា ព្រោះថាតម្លៃខ្លួននាងខ្ពស់ពេកដែលធ្វើឲ្យពួកគេគ្មានលទ្ធភាពជួលនាងទៅច្រៀងសម្ដែងដូចតារាផ្សេងៗនោះទេ ហើយប្រសិនបើថៅកែនៅមិនព្រមទម្លាក់តម្លៃបែបនេះទៀតនោះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះនឹងប្រឈមបាត់មុខទាំងស្រុងពីឆាកតន្រ្ដីទូរទស្សន៍ទាំងស្រុងជាមិនខាន។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ធ្លាប់ត្រូវបានផលិតកម្មGalaxy កំណត់តម្លៃខ្លួនាងច្រៀងConcerts ធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ និងឡើងប៉ុស្ដិ៍ទូរទស្សន៍១លើកពី១០០០ទៅ២០០០ដុល្លារ ខណៈការថតស្ពតធំប្រើពេលពី២ទៅ៣ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ។អតីតតារាចម្រៀងនាពេលរាត្រីប្រចាំហាងវីហ្រ្វេនរូបនេះធ្លាប់ត្រូវបានគេសង្ស័យថានាងបង្កាត់ភ្លើងស្នេហាជាមួយឧកញ៉ាពោះម៉ាយម្នាក់ តែរាល់លើកសីម៉ា តែងតែអះអាងថានាងគ្មានសង្សារទេ បើទោះជាការវាចាបែបនោះគ្មានអ្នកណាជឿរជាក់លើនាងក្ដី៕

