Friday, March 7, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖២អាទិត្យ លាងជម្រះមន្ទិលសង្ស័យ

ឱក សុគន្ធកញ្ញា ៖២អាទិត្យ លាងជម្រះមន្ទិលសង្ស័យ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រនាងអស់ការសង្ស័យចំពោះ​ពាក្យចចាមអារ៉ាមទាំង​ឡាយ​ដែលធ្លាប់​លេចឭថានាងមានកូនប្រុស១ជាមួយសង្សារចាស់លោករ៉េតធី ដូណា មុន​ពេ​ល​នាងរៀបការជាមួយលោកអ៊ឹង សុខ​លី នោះព្រោះការពិតក្មេងប្រុសវ័យជិត​ពេញកំលោះ​នោះ​​​ជាកូនម្ដាយនាងជាមួយស្វាមីក្រោយហើយ​ដែល​ពេលនេះ​រូបគេកំពុងតែរស់នៅ​ជាមួយ​ឪពុកនិងម្ដាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច លើទឹកដីអូស្រា្ដលី។នេះជាតំ​ណើរ​​កម្សាន្ដដ៍រីក​រាយ​និងយូថ្ងៃរបស់សុគន្ធកញ្ញា ពោលគឺមានរយៈពេលដល់ទៅ២សប្ដាហ៍ឯ​ណ្ណោះដែលរូប​នាង​និង​ស្វាមីព្រមទាំងកូនប្រុស,ប្អូនស្រី ប្អូន​បុ្រស និងម្ដាយ​បានដើរលេង​ជា​មួយគ្នានៅទី​ក្រុង​ជាច្រើននៅអូស្រា្ដលី​ជាមួយស្នាមញញឹមនិងទឹកមុខស្រស់ថ្លាខ្លាំងណាស់ពោលគឺដូចពាក្យគេថា”គ្មានអ្វីរីករាយ ជាងជួបជុំ គ្រួ​សារ​ឡើយ”។

សុគន្ធកញ្ញា បានចេញទៅអូស្រា្ដលី​កាលពី​ថ្ងៃទី​១៣កញ្ញា ដើម្បីអបអរខួបកំណើតនាង​គម្រប់អាយុ៣៦ឆ្នាំនៅថ្ងៃ​ទី១៤កញ្ញា ហើយ​នាង​ជ្រើស​រើសយកទឹកដីអូស្រា្ដលីដែលបំណងធំគឺដើម្បី​ជួបជុំម្ដាយនិងប្អូនប្រុសនាង​នៅទី​នោះ​​​​តែម្ដង ហើយទើបតែនៅថ្ងៃទី២៧កញ្ញា ទេដែលនាងបានដឹកដៃស្វាមីវិល​ត្រឡប់មក​ខ្មែរ​វិញ។តារា​រួម​អា​ជីព​ជាមួយឱក សុគន្ធកញ្ញា ពួកគេបានសរសើរថានាងមានសំណាង​ដែល​មាន​ស្វាមីចេះ​យល់​ចិត្តពោលគឺលោកសុខ​លី តែងតែផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ ហើយ​ថែម​ទាំង​ធ្វើឲ្យនាងរំភើបចិត្តខ្លាំងដូចជានៅថ្ងៃ​ខួបកំ​ណើត​ឆ្នាំនេះលោកហៅសុគន្ធកញ្ញា ថាជា​កំពូល​ភរិយា​ឬមាតាដៃ១០០ ហើយទោះជាលោកមានតួនាទីជាអគ្គ​នាយក​ទូរទស្សន៍ហង្ស​មាស​ដែល​មានការ​ងារ​រវល់យ៉ាងណាក្ដី ប៉ុន្ដែដើម្បីឲ្យប្រពន្ធបានសប្បាយចិត្តប្អូនថៅកែហង្ស​មាស​រូប​នេះបានជូន​ឧត្តម​ភរិយារបស់លោកទៅអូស្រា្ដលីដល់ទៅជាងកន្លះខែ។

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦​ឧស​ភា​២០១៩ ហើយក្រោយ​មានស្វាមីភ្លាមៗនោះស្រាប់តែបែក​ធ្លាយការសង្ស័យពីភ្ញៀវ​ចូល​រួមមង្គលការរបស់នាង​ដោយពួកគេខ្សឹបខ្សៀវ​គ្នា​ថាសុគន្ធកញ្ញា មានកូន១ជាមួយ​អតីតសង្សារ​លោករ៉េតធី ដូណា ព្រោះតែគេបានឃើញក្មេងប្រុសម្នាក់​មានមុខ​ស្រ​ដៀងលោកដូណា ថត​រូបជុំនាងនិងស្វាមី។ប៉ុន្ដែដំណឹងនោះត្រូវបានលោកដូណា បដិសេធនៅពេលដែល​អ្នកយក​ព័ត​មាន​យើងសាកសួរតាមទូរស័ព្ទហើយពេល​នោះលោកក៍បានអះអាងថាក្មេង​ប្រុសនោះគឺ​ជាប្អូន​របស់​សុគន្ធកញ្ញា មិនមែនជាកូនរបស់លោកឡើយ។ឥឡូវអ្វីៗកាន់តែធ្វើឲ្យសុគន្ធកញ្ញា សា្រលខ្លួនក្រោយនាងនាំប្ដី​ទៅដើរកម្សាន្ដនៅអូស្រា្ដលីនៅថ្ងៃខួបកំណើតរបស់ខ្លួននោះព្រោះនាងមានការនឹករលឹកដល់ម្ដាយនិងប្អូនប្រុសជាខ្លាំងទើបផ្អាកការថតបទថ្មីៗនិងឡើងឆាកមួយអន្លើសិន ហើយម្យាងទៀតនាងក៍មិនភ្លេចឆ្លៀតរឹតចំណង​ស្នេ​ហានៅក្រៅស្រុកជាមួយប្ដី ដើ​ម្បី​ឲ្យជីវិតស្នេហ៍កាន់តែរឹងមាំថែមទៀត។

ក្រោយវិលមកពីដើរលេងរបស់សុគន្ធកញ្ញា លើកនេះ​នាងក៍ចាប់​ផ្ដើម​​បន្ដការងារសិល្បៈជាថ្មីភ្លាមៗ​ដែរនោះគឺ​រ៉ាប់​រងតំណែងជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីនាងបានចប់តួនាទី​ជាគណៈកម្មា​ការ​(Judge)​Cambodian Idol រដូវកាល​ទី៤ កាលពីពេលថ្មីៗនេះ។សម្រាប់មជ្ឈដ្ឋានមហាជននៅតែ​ចាត់​ទុក​សុ​គន្ធកញ្ញា ជាតារាដែល​ជោគជ័យទាំងការងារសិល្បៈនិងស្នេហាព្រមគ្នានៅឆ្នាំ២០២២ នេះ ហើយអ្វីដែលអ្នកខ្លះ​ព្យា​ករណ៍ថាក្រោយតារាល្បីរូបនេះក្លាយជាប្អូនថ្លៃថៅកែហង្សមាស​រួចនាងនឹងប្រឈមរងទឹកភ្នែក ព្រោះពួកគេ​គិតថាលោកសុខលី មានស្រីស្អាតៗជាច្រើនតោង​ស្នេហ៍​នោះការពិត​ពេលនេះអ្វីៗ​បានបញ្ជាក់ច្បាស់​ហើយថា​ស្វា​មីសុគន្ធកញ្ញា ស្រលាញ់និង​យក​ចិត្ត​ទុកដាក់ដល់គ្រួសារ​នាង​ដូចជាគ្រួសាររបស់លោកដែរ។ក្រុមFan របស់​សុគន្ធកញ្ញា រងចាំមើលថាតើឱក សុគន្ធកញ្ញា នឹងសម្រេចចិត្តពពោះយកកូន២ឆាប់ៗនេះ ដើម្បីឲ្យ​លោក​សុខលី កាន់តែថ្នាក់ថ្នមនាងទេ្វដងឬយ៉ាងណា?

RELATED ARTICLES