ខេត្តតាកែវ ៖ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដឹកនាំដោយលោកប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបផលិតផលរំលោភសិទ្ធិផ្តាច់មុខរបស់ ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញនិងដកហូតនូវផលិតផលបារី ម៉ាក MEVIUS ចំនួន ២កេសធំ ស្មើនឹង ៩៥៥កញ្ចប់ ដែលបានដាក់តាំងលក់នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះលក់ទំនិញ។
ក្រោយពីមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប បានដករួចហើយ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងដែលបានដាក់លក់ផលិតផលបារីនេះផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដំណឹងដល់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ថាក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួចមកហើយដែរ៕