ភ្នំពេញ ៖ ក្រោយទទួលរងនូវការរិះគន់ពីមហាជនជុំវិញអសកម្មរបស់ខ្លួន និងបែកធ្លាយនូវរឿងអាស្រូវនៅក្នុងការដឹកនាំមូលដ្ឋានរបស់ខ្លួនជាច្រើនផង ពេលនេះ លោក កង វង ចៅសង្កាត់ចោមចៅ១ បានភ្ញាក់ពីដេក ប្រ កាសរំដោះចិញ្ចើមផ្លូវ ដូចអភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា នាពេលថ្មីៗនេះដែរ ដោយបានចេញសេចក្ដីជូនដំណឹងដល់អាជីវករលក់ដូរនៅលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ឲ្យធ្វើការរុះរើចេញ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាកំហិត។


លោក កង វង ចៅសង្កាត់ចោមចៅ១
សេចក្ដីជូនដំណឹង របស់រដ្ឋបាលសង្កាត់ចោមចៅទី១ លេខៈ 00៤/២៦. ស.ជ.ណ ចុះថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកចៅសង្កាត់ កង វង មានខ្លឹមសារទាំងស្រុងថា “រដ្ឋបាលសង្កាត់ចោមចៅទី១ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានតូបលក់ដូរនៅលើដីចំណីផ្លូវ ឬនៅលើផ្លូវសាធារណៈ និងបងប្អូនម្ចាស់អាជីវករដែលបានតយ៉ាបមកលើផ្លូវសាធារណៈ ព្រមទាំងលក់ដូរនៅលើដីចំណីផ្លូវ ឬនៅលើផ្លូវសាធារណៈ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ៖ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានតូបលក់ដូរ និងបងប្អូនម្ចាស់អាជីវករ ដែលបានតយ៉ាបមកលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដើម្បីប្រកបអាជីវកម្មលក់ដូរតាំងទំនិញផ្សេងៗ បណ្តាលឱ្យផ្លូវមានលក្ខណៈរួមតូចចង្អៀត មានការកកស្ទះចរាចរណ៍ និងពុំមានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ធ្វើឱ្យបាត់បង់សោភណភាព ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធាណៈ និងឱ្យមានសោភណភាពស្រស់ស្អាតឡើងវិញ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់តូប និងបងប្អូនបានតយ៉ាបលក់ដូរមកលើដីចំណីផ្លូវ និងផ្លូវសាធារ ណៈ សូមធ្វើការរុះរើសំណង់និងទំនិញផ្សេងៗចេញវិញឱ្យអស់ ពីលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយទុក រយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ក្នុងករណីរឹងរូស មិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១ នឹងចុះ ចាត់វិធានការរុះរើសំណង់ទាំងនេះចេញឱ្យអស់ ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈដែលមាននៅទីនោះឡើយ ។

រដ្ឋបាលសង្កាត់ចោមចៅទី១ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់តូប និងបងប្អូនអាជីវករទាំងអស់ មានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់“ ។

សូមបញ្ជាក់ថា សេចក្ដីជូនដំណឹង របស់រដ្ឋបាលសង្កាត់ចោមចៅទី១ ដូចខាងលើនេះ បានធ្វើឡើងក្រោយពីកន្លងមក មានការផ្សព្វផ្សាយថា ដីចំណីផ្លូវសាធារណៈ ឬផ្លូវថ្មើរជើង ស្ថិតនៅជាប់របងរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានគេយកទៅឲ្យអាជីវករលក់ដូរ ជាថ្នូរនឹងលុយកាហ្វេគុយទាវ បណ្តាលឱ្យបាត់បង់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់បរិស្ថាន អនាម័យ និងធ្វើស្ថានភាពផ្លូវតូចចង្អៀត បង្កការកកស្ទះចរាចរណ៍។

សូមរម្លឹកថា កន្លងមក លោក កង វង ចៅសង្កាត់ចោមចៅទី១ ធ្លាប់មានរឿងអាស្រូវជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជា នៅក្នុងឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតសុំការបំភ្លឺពីលោក សួរ ភ័ក្ត្រលំពង្ស ស្មៀនសង្កាត់ចោមចៅទី១ ពាក់ព័ន្ធនឹងការទារប្រាក់ថ្លៃសេវាផ្សេងៗតាមតែអំពើចិត្ត លើគ្រប់ឯកសារ និងថាមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង២០០លានរៀល ចាប់តាំងពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ជូនដល់មន្ត្រីក្រោមឱវាទឡើយ ។ នៅក្នុងឆ្នាំ២០២០ សមាជិកក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ១ ព្រមទាំងមេភូមិ អនុភូមិទាំងអស់នៅ ទូទាំងសង្កាត់ចោមចៅទី១ បានដាក់ពាក្យបណ្តឹង សុំឲ្យថ្នាក់លើផ្លាស់ប្ដូរលោកចៅសង្កាត់ រូបនេះចេញ ដោយនៅក្នុងពាក្យបណ្ដឹង អមដោយស្នាមមេដៃ ជាង៤០នោះ បានប្ដឹងចោទលោកចៅសង្កាត់ ថាបានប្រព្រឹត្តកំហុសចំនួន៨យ៉ាង រួមមាន ៖ ១-មានអាកប្បកិរិយានិងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថ តិះដៀល និងមើលងាយមកលើមន្ត្រីក្រោមឱវាទ ។ ២-ប្រកាន់បក្ខពួក ដែលនាំឲ្យបែកបាក់សាមគ្គី និងឯកភាពផ្ទៃក្នុង ។ ៣-មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឳវាទ ។ ៤-មានភាពពុករលួយ (ប្រាក់ចំណូល និងសម្ភារផ្សេងៗ មិនបានធ្វើការបែងចែកដល់កូនចៅ) ។ ៥-ទិសដៅការងារអ្វីមួយ មិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំនោះទេ គឺធ្វើការងារដោយអត្តនោម័តដោយខ្លួនឯង ។ ៦-គ្មានចរិកភាពជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍ ។ ៧-ចំពោះការងារសាធារណៈ មានការយឺតយ៉ាវ និងពន្យារពេលវេលាឲ្យយូរ ដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ និង៨-ចំពោះការងារបក្ស ចៅសង្កាត់ចោមចៅទី១ មិនបានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មការបក្សសង្កាត់ ឲ្យបានល្អប្រសើរនោះទេ ។

មកដល់ចុងខែមករា ឆ្នាំ២០២៦ លោក កង វង ចៅសង្កាត់ចោមចៅទី១ រូបនេះ ស្រាប់តែបានធ្វើឲ្យមហាជនជាច្រើនសម្ដែងការហួសចិត្តយ៉ាងខ្លាំងជាថ្មីទៀត បន្ទាប់ពីបង្ហាញការខឹងនឹងលោកប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងសកម្មនឹងការងាររំដោះចិញ្ចឹមផ្លូវ និងប្រឡាយលូទឹកស្អុយ នៅក្នុងខណ្ឌពោធិ៍ សែនជ័យ ថាធ្វើការប្រទាំងប្រទើសនឹងរូបលោក ហើយថែមទាំងជំរុញឲ្យអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ដកលោក ប៉ាង លីដា ចេញពីតំណែងទៀតផង ។ ពោលគឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកចៅសង្កាត់រូបនេះ បានមានទំនាស់ជាមួយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រោះតែខឹងលោកប៉ាង លីដា សួរនាំនិងស្ដីបន្ទោសរឿងគេចាក់ដីលុបប្រឡាយមេ ទួលពង្រ បែរជាលោកចៅសង្កាត់ រូបនេះឆ្លើយថា អត់ដឹង ដែលទំនាស់នេះ ត្រូវបានជួបដោះស្រាយគ្នានៅសាលារាជធានីភ្នំពេញ ចប់សព្វគ្រប់ហើយ។ ពេលនោះ លោកចៅសង្កាត់ បាននិយាយឡាយវីដេអូផង និងតាមប្រព័ន្ធតេឡេក្រាមផង តបតទៅកាន់លោកប៉ាង លីដា ដែលជាមេរបស់ខ្លួន ហើយបោះសម្ដីថា «សុំឲ្យមេឯងលាងឲ្យខ្ញុំឲ្យស្អាត បើមិនអ៊ីចឹងទេ ខ្ញុំអត់សុខចិត្តទេ អស់តំណែងចៅសង្កាត់ ក៏ខ្ញុំអត់ខ្វល់ ប៉ុន្តែខ្ញុំក៏មិនឲ្យមេឯងបានសុខដែរ»។

អ្វីដែលចង់ឲ្យថ្នាក់លើ ឃើញពីការលះបង់របស់ខ្លួននោះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខណៈកំពុងមានទំនាស់ជាមួយលោកប៉ាង លីដា គេឃើញលោកចៅសង្កាត់ កង វង បើករថយន្តបណ្ដើរ ឡាយវីដេអូបណ្ដើរថា កាលពីឆ្នាំ២០២២ ពេលដែលខ្លួនជួលគ្រឿងចក្រកាយប្រឡាយបារាំង លោកបានចាយលុយខ្លួនឯង រាប់ម៉ឺនដុល្លារ ក្នុងការដោះស្រាយ ស្រាប់តែលោកប៉ាង លីដា ស្ដីឲ្យលោកថា យកអេស្កាវ៉ាទ័រតូច ស្ដារមិនកើត ដូចពងក្ដគេ ចៅសង្កាត់ ចរិតថោក ។ បន្ទាប់មក គេបានឃើញលោកឡាយវីដេអូលើគណនីហ្វេសប៊ុក របស់ខ្លួន ទាំងកំហឹង ដោយប្រើពាក្យសម្ដីអសុរោះ និងប្រមាថជាច្រើន ទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលគេជឿថា ចង់សំដៅទៅលើលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ។

នៅក្នុងវីដេអូផ្សាយផ្ទាល់ កាលពីវេលាជិតភ្លឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលមានរយៈពេលជិត ១ម៉ោងនោះ លោកចៅសង្កាត់ កង វង បាននិយាយបណ្ដើរ និងហូបសណ្ដែកដីបណ្ដើរ ហើយបានហៅភាគីជម្លោះរបស់ខ្លួនសុទ្ធតែ “អាមឹង អ្ហែង អាថោក អាល្ងង់ អាពងក្ដ” ជាដើម ដែលនេះមិនមែនជាពាក្យពេចន៍របស់មន្ត្រីរាជការត្រូវប្រើទាល់តែសោះ ហើយគេសង្ស័យថា លោកនិយាយសំដៅទៅកាន់រូបលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ដែលទើបមានទំនាស់គ្នាជាមួយគាត់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ។ មិនតែប៉ុណ្ណោះ គាត់ក៏បានព្រមានដល់គូទំនាស់របស់ខ្លួនថា “បើអ្ហែងធ្វើខុស អញខ្ទេច អ្ហែងក៏ខ្ទេចដែរ អាថោក អញប្រាប់ប្រពន្ធកូនអញរួចហើយ“ ។ លើសពីនេះ លោកចៅសង្កាត់រូបនេះថា លោកមានគំនុំជាមួយមនុស្សម្នាក់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ និងថាជង់ វាអត់ដែលភ្លេចកុកទេ ។

ទោះបីយ៉ាងណា មកទល់ពេលនេះ ពេលរឿងឡាយវីដេអូប្រើពាក្យអសុរោះ មិនសមជាថ្នាក់ដឹកនាំមូលដ្ឋាន របស់លោកចៅសង្កាត់ចោមទី១ កង វង ហាក់ស្ងប់ស្ងាត់ទៅវិញហើយ ដោយគេមិនលើកយកមករិះគន់ និងជជែកវែកញែកតាមបណ្ដាញសង្គមទៀត ខណៈដែលមជ្ឈដ្ឋានមួយចំនួន ចង់ឲ្យមន្រ្តីទុករឿងទំនាស់ឯកជនមួយឡែក ហើយរួមគ្នាបម្រើប្រជាពលរដ្ឋ ឲ្យសមជាថ្នាក់ដឹកនាំមូលដ្ឋានដែលពលរដ្ឋបានបោះឆ្នោតជូន ។ ប៉ុន្តែអ្វីដែលគេកំពុងចាប់អារម្មណ៍នោះ គឺនៅពេលដែលចៅសង្កាត់រូបនេះ ប្រកាសបញ្ចេញកណ្ដាប់ដៃដែក រំដោះចិញ្ចើមផ្លូវ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ មហាជន រង់ចាំមើលថា តើការបញ្ចេញកណ្ដាប់ដៃដែក រំដោះចិញ្ចឹមផ្លូវ ក្រោយភ្ញាក់ពីដេក របស់ចៅសង្កាត់រូបនេះ អាចនឹងមានប្រសិទ្ធភាព ដូចលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែរឬទេ ដែលកំពុងលេចធ្លោខ្លាំង នៅក្នុងការប្រើ “ញញួរប្រជាពលរដ្ឋ” រំដោះចិញ្ចើមផ្លូវ ស្ដារប្រឡាយលូរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅសង្កាត់ចោមចៅទី១ ស្នើលោកចៅសង្កាត់ កង វង រំដោះដងផ្លូវ នៅផ្សារត្រ ពាំងថ្លឹង ផង ព្រោះផ្លូវចូលបុរីពិភពថ្មី ជាប់ខាងលិចផ្សារត្រពាំងថ្លឹងនោះ សព្វថ្ងៃ មិនត្រឹមលក់ដូ ចតយានជំនិះលើចិញ្ចឹមផ្លូវទេ គឺនៅលើទ្រូងផ្លូវទាំងមូលតែម្តង បង្កនូវភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍គ្រប់ពេលវេលា។ ប្រជាពលរដ្ឋ កំពុងទល់ភ្នែក រង់ចាំមើល លោកចៅសង្កាត់ រំដោះផ្លូវ និងចិញ្ចើមផ្លូវ ក្នុងមូលដ្ឋាន តើបានលទ្ធផលយ៉ាងណា ឬមួយបានត្រឹមជូនដំណឹងហើយចោល គ្មានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដូចករណីអតីតមេចាស់របស់លោក គឺអតីតអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធិ ដែលបានជូនដំណឹងរំដោះចិញ្ចឹមផ្លូវ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ដោយឲ្យអ្នកដែលសាងសង់សំណង់រំលោភចិញ្ចើមផ្លូវ ត្រូវរុះរើចេញជាកំហិត ប៉ុន្តែគ្រាន់តែមានអ្នកសាងសង់សំណង់បន្ថែមអនាធិបតេយ្យ គំរាមតែបន្តិច លោកអភិបាលខណ្ឌ ស្ងាត់ឈឹង រហូតមកដល់សព្វថ្ងៃ ជាអាជ្ញាធរអន់ផុតលេខ៕ កុលបុត្រ