ភ្នំពេញ៖ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បានអះអាងដោយផ្ទាល់ថានាងនឹងវិលរកអាជីពចាស់វិញមិនក្រោម៥លើកនោះទេ ក្នុងជំនួបផ្ទាល់កន្លងមក តែរហូតមកដល់ពេលនេះជាង៣ឆ្នាំទៅហើយគឺនាងនៅតែចេញមិនរួចដដែល។សំណួរដែលគ្រប់គ្នាចង់ដឹងថាតើបេប៊ី នឹងបញ្ចប់អាជីពសិល្បៈចាប់ពីពេលនេះហើយមែនទេ បានជានាងនៅតែយឺតយ៉ាវឬគ្មានបំណងក្នុងការស្ដារកេរ្ដិ៍ឈ្មោះជាថ្មីឲ្យទាន់ពេលវេលាបែបនេះ?ជុំវិញការអាកខានឡើងឆាករបស់បេប៊ី ម្ដងហើយម្ដងទៀតបែបនេះធ្វើឲ្យគេនៅរឹតតែសង្ស័យថានាងរចនាពេជ្រ រងសម្ពាធពីគូស្នេហ៍ ប៉ុន្ដែទាំងរចនាពេជ្រ និងម្ដាយនាងអ្នកស្រីប៊ុន ណារី បានបដិសេធដោយបញ្ជាក់ថាការរវល់ទៅលើការគ្រប់គ្រងហាងកាហ្វេដល់ទៅ៤សាខាធ្វើឲ្យនាងមិនអាចដកឃ្លាបានហើយចេះតែខ្មាយៗបែបនេះទៅ។តែគេជឿរថាបេប៊ី នឹងមិនអាចច្រៀងរាំដោយសេរីបានដូចមុនតាមចិត្តនាងឡើយ ប្រសិនបើនាងនៅតែបាត់មុខ ហើយបន្ដឆាចោលការធ្វើបទថ្មីៗតាមផែនការណ៍នោះគេម៉ៃថាស្រីស្រស់រូបនេះអាចមានគូស្នេហ៍ចង់ឲ្យដកខ្លួនទាំងស្រុងពីអាជីពចាស់មួយនេះជាមិនខាន។

គូរបញ្ជាក់ថាស្រីស្រស់បេប៊ី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់បុរសអ្នកមានទ្រព្យស្ដុក ព្រោះនាងលេចធ្លោរូបសម្រស់ខ្លាំងជាងតារារួមផលិកតកម្ម ហើយតាមព័តមានថាមុនដកឃ្លាពីសិល្បៈនោះបេប៊ី មានបុរសដល់ទៅ២នាក់តាមស្នេហាទៀតផងនោះគឺលោកឧកញ៉ាម្នាក់ និងអភិបាលខណ្ឌ១។តែដំណឹងនោះត្រូវបានអ្នកស្រីណារី ដែលតែងតែដើរតាមកូនស្រីជាប្រចាំនោះបានប្រកែកដោយលោកស្រីថាបេប៊ី មិនស្គាល់មុខប្រុសទាំងនោះទេ ប៉ុន្ដែគាត់ទទួលស្គាល់ថាគ្រាន់តែគេស្រលាញ់ធម្មតាៗនោះគឺចេះតែមានហើយមិនអត់នោះទេ តែ រចនាពេជ្រ មិនដែលជំពាក់ចិត្តទៅលើបុរសណាម្នាក់ឡើយ។

ម្ដាយបេប៊ី ថែមទាំងនិយាយដោយបារម្ភទៀតផងថាលោកស្រីខ្លាចតែបេប៊ី ប្រឈម”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”ដែលពេលនោះកូនក្រមុំគាត់និងនៅក្រមុំចាស់សៅកែ…។ប៉ុន្ដែយ៉ាងណាគេជឿរថានោះជាការព្រួយចិត្តហួសហេតុពេករបស់អ្នកស្រីណារី ព្រោះស្រីស្អាតដូចបេប៊ី ប្រាកដជាមានបុរសមិនតិចនាក់ទេរងចាំចម្លើយស្នេហាពីនាងហេតុនេះហើយទោះជានាងផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងក៍អាចនឹងរស់នៅដោយសុខសាន្ដដែរ ព្រោះតំណែងជំទាវនៅមិនឆ្ងាយពីដៃនាងឡើយ ឲ្យតែនាងពិតជាចង់ស្រវ៉ានោះ៕

