ភ្នំពេញ៖មាស សុខសោភា បានអាកខាននាំប្ដីដើរលេងនៅប៉ែកអ៊ឺរ៉ុបរយៈពេលជាង២ឆ្នាំមកហើយនោះដោយសារតែបញ្ហាកូវីដ និងនាងជាប់ដៃរកស៊ីធ្វើជំនួញក្នុងស្រុក។ប៉ុន្ដែកាលពីថ្ងៃទី១តុលា តារាចម្រៀងរាម បានដឹកដៃស្វាមីនាងលោកអ៊ឹត រ៉ាដា ទៅដើរកម្សាន្ដនៅប្រទេសសាំងហ្គាពួររយៈពេលខ្លី ហើយអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មី ព្រោះពួកគេបានអោបថើបគ្នាយ៉ាងមានក្ដីសុខ នៅទីលានប្រណាំងរថយន្ដFormula 1 ទៀតផង។ការរដើរលេងរបស់សោភា លើកនេះបន្ទាប់ពីមុននេះនាងក៍បានបណ្ដើរលោករ៉ាដា ទៅដើរលេងផងធ្វើបុណ្យផងនៅលើទឹកដីប្រទេសឡាវ និងសៀម កាលពីពេលថ្មីៗនេះផងដែរ ប៉ុន្ដែអ្នកចម្រៀងសំនៀងផ្អែមរូបនេះមិនទាន់រៀបគម្រោងហោះទៅប៉ែកអ៊ឺរ៉ុប ក៍ដូចជាទឹកដីរបស់ស្វាមីនាងនៅកាណាដាដូចឆ្នាំមុនៗនោះឡើយ គឺដើរតែក្នុងតំបន់អាស៊ីប៉ុណ្ណោះ។តំណើរកម្សាន្ដរបស់តារាចម្រៀងល្បីសុខសោភា នៅពេលនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែវាបង្ហាញថាទោះជានាងរវល់ទាំងការងារសិល្បៈនិងមុខជំនួញសឹងតែមិនអាចដកឃ្លារួចក្ដី តែនាងក៍មិនភ្លេចការរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតដែរជាមួយស្វាមី ក្រោយពីពួកគេចាប់ដៃគ្នារយៈពេល១៥ឆ្នាំ តែគ្មានកូន១គ្រាប់នេះ។

គូរបញ្ជាក់ថាមាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បានរៀបការចំនួន២លើកមកហើយគឺលើកទី១ធ្វើតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាកាលពីឆ្នាំ២០០៨ និងលើកទី២រៀបការតាមប្រពៃណីខ្មែរតែបែបលាក់លៀម ដូចលក្ខណៈសែនព្រេន កាលពីឆ្នាំថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ហើយតាមព័តមានថានាងចង់រៀបការបែបធំដុំមិនឲ្យចាញ់តារាល្បីផ្សេងៗទៀតកាលពីឆ្នាំ២០២១ ប៉ុន្ដែដោយសារពេលនោះផ្ទុះកូវីដពេក ទើបលើកពេលហើយស្ងាត់រឿងរៀបការរហូតមកដល់ពេលនេះតែម្ដង។

ប៉ុន្ដែគេជឿរថាដើម្បីបើកផ្លូវក្នុងការពពោះកូនដំបូងនោះសុខសោភា ប្រាកដជាត្រូវរៀបការលើកទី៣ដោយចំហដោយជៀសមិនផុតឡើយនាពេលខាងមុខនេះ ខណៈដែលនៅឆ្នាំ២០២២ នេះសោភា តាំងចិត្តថានឹងវាយលុកទីផ្សារចម្រៀងឲ្យផ្អើលមេឃ តែអ្វីៗនៅមិនទាន់ដូចចិត្តនាងប៉ងទេ ព្រោះនាងនៅតែមិនទាន់មានបទល្បីៗខ្លាំងដូចមុន បើទោះជាមុននេះគេឃើញមានលោកពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្រែង ,លោកទ្រី ហេង ស្វាមីលោកម៉ា ដូណា និងស្វាមីនាងលោកអ៊ឹត រ៉ាដា បានចេញអន្ដរាគមន៍លើការធ្វើបទចម្រៀងឲ្យនាងព្រមៗគ្នាក្ដី តែអ្នកជំនាញសិល្បៈបានលើកឡើងថាបទចម្រៀងរបស់សោភា នៅរាម មិនមែនប្រជែងជាមួយផលិតកម្មរស្មីហង្សមាស និងGalaxy ឡើយ៕

