Sunday, September 22, 2024
Homeព័ត៌មានជាតិលួចម៉ូតូគេ គេចខ្លួន៦ថ្ងៃ ជាប់ខ្នោះ

លួចម៉ូតូគេ គេចខ្លួន៦ថ្ងៃ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចព្យាយាមរត់គេច ខ្លួនអស់រយៈពេល ៦ថ្ងៃ ទីបំផុតត្រូវត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់ ព្រមទាំងដកហូតបានម៉ូតូ ប្រគល់ជូនជនរងគ្រោះវិញ ទៀតផង។

ករណីលួចម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ទើបកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យជាចោរលួចម៉ូតូដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធី កុសល់ ហៅរីណា ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិជីវាំង ឃុំជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះនូ ងោល ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-9354។

លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះធី កុសល់ ហៅរីណា ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះនូ ងោល កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោកមេបញ្ជាការ បានបញ្ជាក់ថា កាលពីវៅលាម៉ោង ១១និង២០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីលួចម៉ូតូ បានកើតឡើងនៅចំណុចម្តុំវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បង្កឡើងដោយជនសង្ស័យឈ្មោះធី កុសល់ ហៅរីណា បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-9354 របស់ជនរងគ្រោះ ឈ្មោះនូ ងោល។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង ហើយបញ្ជូនមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

ក្រោយការឃាត់ខ្លួន និងសួរចម្លើយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មក កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕

RELATED ARTICLES