Sunday, September 22, 2024
Homeព័ត៌មានជាតិភ្លៀងខ្យល់កន្ត្រាក់ បាក់ដើមឈើសង្កត់ម៉ូតូកង់បី

ភ្លៀងខ្យល់កន្ត្រាក់ បាក់ដើមឈើសង្កត់ម៉ូតូកង់បី

ភ្នំពេញ ៖ ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បានបោកបក់ស្ទើរទូទាំងរាជធានីភ្នំពេញ និងបណ្តាលឱ្យដើមអង្កាញ់ ១ដើមធំ បាក់រលំសង្កត់ម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

ហេតុកាណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូកង់បីដែលត្រូវដើមអង្កាញ់បាក់សង្កត់ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J- 9327 បើកបរដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ដោយមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងនិងមានភ្លៀងធ្លាក់មួយមេធំ ហើយរូបគាត់បានធ្វើដំណើនៅតាមដងផ្លូវខាងលើ ក្នុងទិសដៅពីត្បូង ទៅជើង ដោយបើកតិចៗ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានខ្យល់កន្ត្រាក់ បណ្តាលឱ្យដើមអង្កាញ់ ដែលដាំលម្អនៅអមរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដួលរលំសង្កត់ពីលើម៉ូតូកង់បីរបស់គាត់ ទាំងកំរោលតែម្តង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់។

ម្ចាស់ម៉ូតូកង់បី បានបន្តថា ខណៈពេលដែលដើមអង្កាញ់សង្កត់ពីលើម៉ូតូកង់បីរបស់គាត់ គឺស្របពេលទូរស័ព្ទរបស់គាត់ដែលដាក់លើម៉ូតូកង់បី ជ្រុះ ហើយគាត់រវល់ឱនរើសទូរស័ព្ទ ទើបដើមអង្កាញ់ធ្លាក់មិនដល់គាត់ កុំអីដើមអង្កាញ់សង្កត់ពីលើគាត់បាត់ទៅហើយ។ បន្ទាប់ពីម៉ូតូកង់បីគាត់ ត្រូវដើមអង្កាញ់ដួលរលំសង្កត់ពីលើនោះ ក៏មានបងប្អូនសមាគម បាននាំគ្នាមកកន្លែងកើតហេតុយ៉ាងច្រើនពាសពេញផ្លូវ ដើម្បីមកសួរសុខទុក្ខគាត់។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានទាក់ទងទៅសមត្ថកិច្ច និងអាជ្ញាធរភ្លាមៗ ក្នុងនោះមានគណៈបញ្ហាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ បានចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ ដោយយកកាំបិតផ្គាក់ និងពូថៅ មកកាប់មែកឈើ ចំណែកដើម  បានយករថយន្តស្ទូច មកស្ទួចដាក់អែបខាង។

រីឯម៉ូតូកង់បីដែលត្រូវដើមអង្កាញ់ដួលរលំសង្កត់លើ ត្រូវបានម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES