ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ បានតោងប៊ីដុងហែលទឹក បេះត្រកួន នៅខាងក្រោយផ្ទះ ទាំងដែលខ្លួនមិនចេះហែលទឹក លុះឃើញ បែបនេះ ពូមីងស្ត្រីរងគ្រោះ បានស្រែកឃាត់ដែរ តែក្មួយស្រីមិនស្តាប់ នៅបន្តបេះត្រកួនទៀត លុះភ្លេច ខ្លួនមួយភ្លែត ក្រឡេក រកមើល ស្រាប់តែបាត់ក្មួយស្រី ទើបស្រែកឆោឡោហៅអ្នកភូមិ និងបុរសជាឪពុក ឱ្យជួយចុះស្រង់កូនស្រី យក មកដាក់ឆ្អើរភ្លើង ជួយសង្គ្រោះភ្លាមដែរ តែអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។
ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះភិន ពុធ អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីបុរសឈ្មោះទុយ ភាច អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះឈឹម គឹមអេង ត្រូវជាឪពុកមា និងម្តាយមីងរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ ពួកគាត់នៅផ្ទះដែលមានចម្ងាយពីផ្ទះក្មួយ ប្រមាណជា៥ម៉ែត្រតែប៉ុណ្ណោះ។ ពេលនោះ ពួកគាត់បានឃើញក្មួយស្រីចុះបេះត្រកួន ក្នុងទឹកនៅខាងក្រោយផ្ទះ ដែលមានទឹកជ្រៅត្រឹមកនាង ដោយមានប៊ីដុង១ បណ្តែតដាក់ត្រកួនជាមួយផង ព្រោះនាងមិនចេះហែលទឹកនោះទេ។
ប្រភពដដែល បានបន្តថា បន្ទាប់ពីឃើញបែបនេះ ពួកគាត់ក៏ស្រែកបន្ទោសក្មួយស្រីថា “ឯងប្រឹងហែលបេះត្រកួន យកមកធ្វើអី? ឈប់បេះទៅ ប្រយ័ត្នលង់ទឹក”។ ប៉ុន្តែក្មួយស្រីគាត់មិនឆ្លើយតបនោះទេ ប្រឹងតែបេះត្រកួន លុះមួយសន្ទុះក្រោយមក ពេលពួកគាត់ភ្លេចខ្លួនមួយភ្លែត ក្រឡែកភ្នែកទៅ ស្រាប់តែបាត់ក្មួយ ឃើញតែប៊ីដុង ក៏ឆោឡោ ស្រែកហៅឪពុកបង្កើតរបស់នាងឈ្មោះទុយ ភាង និងអ្នកជិតខាង ឱ្យចុះទៅជួយមុជទឹករាវរក ក៏បានប្រទះឃើញក្មួយស្រីលិចក្នុងទឹក ទើបនាំគ្នាជួយស្រង់យកមកសង្គ្រោះនៅលើផ្ទះ ដោយដាក់ឆ្អើរភ្លើង ប៉ុន្តែក្មួយស្រីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូននគរបាលប៉ុស្តិ៍ស្រយ៉ូវ ឱ្យចុះមកពិនិត្យតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញក្រុងស្ទឹងសែន ប៉ុស្តិ៍នគរបាលស្រយ៉ូវ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះមកដល់កន្លែងកើតហេតុ និងពិនិត្យសពស្ត្រីរងគ្រោះ មានស្នាមឆ្នូតកន្ទួលក្រហមជាំនៅលើដងខ្លួនផ្នែកខ្នង បណ្តាលមកពីការជួយសង្គ្រោះ ដោយដាក់ឆ្អើភ្លើង ក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ទើបសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះ ស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕