ខេត្តកំពង់ស្ពឺ ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿន ខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន ដែលជាសក្ដានុពលទេចរណ៍បន្ថែមនៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វ បុរសខ្មែរ បានបន្សល់ទុក ជាយូរណាស់មកហើយ។

សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយ រទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ ។ លុះក្រោយៗមកទៀត អ្នកភូមិ បានផ្តួចផ្តើមគំនិតបង្កើតពិធីប្រណាំងរទេះសាឡីគោ នេះ នៅតាមភូមិ នៅតាមសហគមន៍ និងតំបន់ទេសចរណ៍នានា និងនៅតាមទីប្រជុំជន ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងឈានចូលមកដល់៕ ខៀវទុំ
