Sunday, September 22, 2024
Homeព័ត៌មានជាតិជូនសង្សារជិះម៉ូតូកង់បី ចោរវ៉ៃប្លន់បែកមុខ

ជូនសង្សារជិះម៉ូតូកង់បី ចោរវ៉ៃប្លន់បែកមុខ

ភ្នំពេញ ៖ បុរសជាតួសម្តែងម្នាក់ ខណៈពេលចេញពីផឹកស៊ី ត្រឡប់មកដល់ផ្ទះជួលវិញ ក៏ជូនសង្សាររបស់ខ្លួន ឡើង ជិះម៉ូតូកង់បី ត្រឡប់ទៅវិញ ស្រាប់តែសង្សារចេញផុត លេចមុខក្មេងស្ទាវ ១ក្រុម បានធ្វើសកម្មភាពព្រួតវាយទាំងកំរោល បណ្តាលឱ្យរងរបួសបែកមុខមាត់ រួចហើយក្រុមជនសង្ស័យ បានប្លន់យកទូរស័ព្ទ និងកាបូបលុយ ពីជនរងគ្រោះ បានសម្រេច និងនាំគ្នារត់គេចបាត់អស់ភ្លាមៗ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចម្តុំផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលត្រូវក្រុមចោរព្រួតវាយប្លន់ បណ្តាលឱ្យរងរបួសបែកមុខមាត់នោះ មានឈ្មោះសុង ភារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរតារាសម្តែង ស្នាក់នៅផ្ទះជួល ម្តុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ចំណែករបស់ទ្រព្យដែលបាត់បង់ រួមមាន កាបូបលុយ១ មានលុយក្នុងនោះ ចំនួន៨ម៉ឺនរៀល កាតគ្រីម៉ូតូ ២សន្លឹក អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ១សន្លឹក និងទូរស័ព្ទដៃ ម៉ាក Oppo A31 ចំនួន១គ្រឿង។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា ៣នាក់ ក្នុងនោះ ប្រុស២នាក់ និងស្រីម្នាក់ (ជាសង្សារ) បានជិះម៉ូតូ ២គ្រឿង ចេញពីកន្លែងផឹកស៊ី នៅម្តុំផ្លូវ២០០២ ក្នុងគោលបំណងត្រឡប់មកផ្ទះជួលវិញ នៅម្តុំផ្សារដីថ្មី។ លុះពេលធ្វើដំណើរមកដល់ផ្ទះជួលហើយ រូបគេក៏បានយកម៉ូតូចូលទុកក្នុងបន្ទប់ រួចហើយក៏ដើរជូននារីជាសង្សារ ឡើងម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញ។

ជនរងគ្រោះ បន្តថា នៅពេលដែលម៉ូតូកង់បីដឹកសង្សាររបស់ខ្លួនចេញផុត ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នា ៣ទៅ៤នាក់ បាននាំគ្នាមកព័ទ្ធវាយទៅលើរូបគាត់ បណ្តាលឱ្យរងរបួស បែកមាត់ និងបែកខ្ទង់ច្រមុះ ហូរឈាមស្រោចខ្លួន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ ក៏បានលូកយកកាបូបលុយ និងទូរស័ព្ទដៃ ម៉ាក Pppo A31 របស់ខ្លួន  រួចរត់គេចបាត់អស់តែម្តង។ ហើយភ្លាមនោះ ខ្លួនបានស្រែកឆោឡោថា ចោរ!ៗដែរ តែមិនមានអ្នកជួយចេញជួយនោះទេ គឺមានតែមិត្តភ័ក្តិម្នាក់ ចេញមកដល់ តែជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិជួយដឹកយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមនីតិវិធី៕

RELATED ARTICLES