Sunday, September 22, 2024
Homeព័ត៌មានជាតិជ្រកភ្លៀងក្រោមដើមឈើ រន្ទះបាញ់ស្លាប់១

ជ្រកភ្លៀងក្រោមដើមឈើ រន្ទះបាញ់ស្លាប់១

ខេត្តស្វាយរៀង ៖ អ្នកភូមិ ១ក្រុម បាននាំគ្នាចេញទៅឃ្វាលគោ ក្របី តាមទម្លាប់ លុះក្រោយមក មានភ្លៀងធ្លាក់១មេធំ ទើបនាំគ្នារត់ទៅជ្រកក្រោមដើមអាកាស្យា ជុំគ្នា ស្រាប់តែរំពេចនោះ រន្ទះបានបាញ់ចូលក្រុមអ្នកភូមិដែលកំពុងជ្រកភ្លៀង បណ្តាលឱ្យបុរសចំណាស់ម្នាក់ ដួលដាច់ផ្ងារ ស្លាប់ភ្លាមៗមួយរំពេច ចំណែក ៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះធម្មជាតិ បាតុភូតរន្ទះបាញ់អ្នកភូមិ បណ្តាលឱ្យស្លាប់និងរបួសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោមដើមអាកាស្យា ក្បែរវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍។

បុរសចំណាស់ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះឃឹម សាន អាយុ៦៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍។ ចំណែកអ្នកភូមិ ៥នាក់ទៀត (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលទទួលរងរបួសធ្ងន់-ស្រាល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

តាមសម្តីស្ត្រីម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ខាងលើ និងទទួលរងរបួសស្រាល បានរៀបរាប់ប្រាប់ពីហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះថា មុនកើតហេតុ ពួកគាត់សុទ្ធសឹងជាអ្នកភូមិជាមួយគ្នា មានគ្នា ៦នាក់ មានក្មេង មានចាស់ បាននាំគ្នាចេញទៅឃ្វាលគោ ក្របី នៅទីតាំងកើតហេតុ ខាងលើ តាមទម្លាប់ដូចសព្វដង។ លុះក្រោយមក ដោយសារតែមានភ្លៀងធ្លាក់ ១មេធំ ទើបពួកគាត់ទាំង ៦នាក់ បាននាំគ្នារត់ចូលទៅជ្រកភ្លៀង ក្រោមដើមអាកាស្យា (ទីតាំងកើតហេតុ) ទាំងអស់គ្នា ដោយក្នុងនោះ បុរសរងគ្រោះឈ្មោះឃឹម សាន បានឈរដាច់ពីគេតែម្នាក់ឯង ស្រាប់តែរំពេចនោះ លាន់ឮសំឡេងរន្ទះបាញ់ ១គ្រាប់ ត្រង់កន្លែងដែលបុរសរងគ្រោះឈ្មោះឃឹម សាន កំពុងឈរ ធ្វើឱ្យគាត់ដួលដាច់ផ្ងារ ស្លាប់ភ្លាមៗ ចំណែកពួកគាត់ ៥នាក់ទៀត ដែលនៅក្បែរគ្នានោះ បានទទួលរងរបួសធ្ងន់-ស្រាល និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងប្រញាប់ដឹកបញ្ជូនអ្នកភូមិទាំង៥នាក់ ដែលរងរបួសធ្ងន់-ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសពបុរសរងគ្រោះរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធទៅនឹងករណីនេះ អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរន្ទះ ត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាព និងបិទទូរស័ព្ទ ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗកើតឡើង ត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕

RELATED ARTICLES