Sunday, September 22, 2024
Homeព័ត៌មានជាតិភ្លៀងខ្យល់ រលំផ្ទះ៣ខ្នង រន្ទះបាញ់ស្លាប់១

ភ្លៀងខ្យល់ រលំផ្ទះ៣ខ្នង រន្ទះបាញ់ស្លាប់១

ខេត្តព្រៃវែង ៖ ភ្លៀងមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់ បានបង្កឱ្យស្រុកចំនួន២ ក្នុងខេត្តព្រៃវែង ទទួលរងផលប៉ះពាល់ ក្នុងនោះមានផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន៣ខ្នង បានបាក់រលំខូចខាត ចំណែកមនុស្សម្នាក់ ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រាះធម្មជាតិខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្រុកចំនួន២ ផ្សេងគ្នា គឺស្រុកស៊ីធរកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកពាមជរ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មានភ្លៀង ១មេធំ លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានបោកបក់ទៅប៉ះចំផ្ទះប្រជាពលរដ្ឋ ចំនួន៣គ្រួសារ នៅភូមិតាពូង ឃុំឫស្សីស្រុក ស្រុកពាមជរ ហើយឥទ្ធិពលនៃខ្យល់កន្ត្រាក់នេះ បានធ្វើឲ្យផ្ទះចំនួន២ខ្នង ដួលរលំបាក់ខូចខាតទាំងស្រុង ចំណែក១ខ្នងទៀត ប៉ើងរបើកខូចខាតជញ្ជាំង ដំបូល និងរោងគោ។ យ៉ាងណា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ មិនបណ្តាលឱ្យមនុស្សសត្វរងគ្រោះថ្នាក់នោះទេ។

ដោយឡែក យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកស៊ីធរកណ្តាល បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដដែលនោះដែរ មានបុរសម្នាក់ឈ្មោះថេន ថុង អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ត្រូវបានរន្ទះបាញ់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងកណ្តាលវាលស្រែ ខណៈពេលដែលជនរងគ្រោះ កំពុងដើរឆ្លុះត្រី ទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES