Sunday, September 22, 2024
Homeព័ត៌មានជាតិប្តីខ្សែភ្លើងឆក់ស្លាប់ ប្រពន្ធយំឱបសព

ប្តីខ្សែភ្លើងឆក់ស្លាប់ ប្រពន្ធយំឱបសព

ភ្នំពេញ ៖ បុរសជាជាងជួសជុល និងដំឡើងទ្រុងរថយន្តម្នាក់ កំពុងផ្សារទ្រុងរថយន្តសុខៗ ត្រូវចរន្តអគ្គិសនីឆ្លងចេញពីមុខតំណ ដាច់រលាត់ឆក់ ប៉ុន្តែភ្លាមៗនោះ ត្រូវបានប្រពន្ធនិងអ្នកនៅជិតនោះ ជួយទាន់ពេលវេលា លុះឈប់សម្រាកបន្តិចហើយ ក៏បន្តការងារទៀត ដោយពុំបាន យកស្កុតទៅរុំមុខតំណខ្សែភ្លើងនោះទេ បណ្តាលឱ្យឆក់ជាលើកទី២ ស្លាប់នៅនឹងកន្លែងតែម្តង ធ្វើឱ្យស្ត្រីជាប្រពន្ធទួញសោកបោកខ្លួន ឱបសពប្តី គួរឱ្យសង្វេគ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះផាត់ យុត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដំឡើងទ្រុងរថយន្តធំៗ ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរក្រោម ស្រុកលើកដែក ខេត្តកណ្តាល។

តាមសម្តីស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ប្តីរបស់នាងមានជំនាញខាងផ្សារដែក គឺជាជាងដែក ប៉ុន្តែដោយសារតែកត្តាជីវភាពខ្វះខាត ហើយនៅស្រុកកំណើត ពិបាករកការងារធ្វើ ទើបពួកនាងទាំង២នាក់ប្តីប្រពន្ធ បានចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញ។ បន្ទាប់មកបានជួលដីឡូត៍អ្នកភូមិខាងលើ បើកយានដ្ឋានដំឡើងនិងជួសជុលទ្រុងរថយន្តធុនធំ ហើយបើគិតរហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង ៥ឆ្នាំមកហើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តទាំងអួលដើមកថា មុនពេលកើតហេតុ មានអតិថិជនម្នាក់ បានបើករថយន្តកូរ៉េ ១គ្រឿង មកឱ្យប្តីរបស់នាងផ្សារទ្រុង និងតួខាងក្រោម ខណៈពេលកំពុងតែផ្សារ ដោយសារមេឃភ្លៀងកាលពីយប់ ដីនៅសើម ហើយខ្សែភ្លើង មានតំណផងនោះ ក៏បានឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ប្តីនាងម្តងរួចមកហើយ តែភ្លាមៗនោះ ត្រូវបានរូបនាងជាប្រពន្ធ និងអ្នកជិតខាងជួយរួចផុតពីគ្រោះថ្នាក់។ បន្ទាប់មក ប្តីនាងអត់បានយកស្កុតមករុំមុខតំណខ្សែភ្លើងនោះទេ ហើយដោយសារតែម្ចាស់រថយន្តប្រញាប់យករថយន្តទៅរកស៊ី ទើបក្រោយពីសម្រាកបន្តិច ប្តីនាងក៏បានផ្សារទ្រុងរថយន្តនោះបន្តទៀត ស្រាប់តែបន្តិចក្រោយមក ប្តីនាងក៏ត្រូវខ្សែភ្លើងឆក់ជាលើកទី២ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ធ្វើឱ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង មិនគួរណាប្តីមានការធ្វេសប្រហែស បណ្តាលឱ្យបាត់បង់ជីវិតបែបនេះសោះ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រៃស រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួមនិងកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES