Sunday, September 22, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ៣ថ្ងៃ ឪម៉ែប្តឹងប៉ូលិស

បាត់កូនក្រមុំ៣ថ្ងៃ ឪម៉ែប្តឹងប៉ូលិស

ខេត្តកំពង់ចាម ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានបើកម៉ូតូដឹកឪពុករបស់ខ្លួនទៅដាក់លបក្តាម នៅវាលស្រែ រួចពេលដាក់ឪពុកចុះរួចហើយ ក៏បកម៉ូតូត្រឡប់មកវិញ តែបែរជាបាត់ មិនឃើញវិលត្រឡប់មកផ្ទវិះញ ធ្វើឱ្យក្រុមគ្រួសារដើរស្វែងរកអស់រយៈពេល ៣ថ្ងៃទៅហើយ នៅតែមិនមានដំណឹងសោះ ទើបឪពុកម្តាយ មានការព្រួយបារម្ភ រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះណាន ស្រីហាច អាយុ១២ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះអឿ ណាន អាយុ៤៨ឆ្នាំ មុខរបរចាប់ក្តាមលក់ ម្តាយឈ្មោះថុល ហ៊ុន អាយុ៤៥ឆ្នាំ មុខរបរកសិករ និងមានលំនៅ ភូមិរមាស ឃុំអម្ពិល ស្រុកកំពង់សៀម។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មាននិងបណ្តឹងពីឈ្មោះថុល ហ៊ុន ត្រូវជាម្តាយរបស់ក្មេងស្រីខាងលើ ដោយបានប្តឹងរាយការណ៍ថា គាត់បាត់កូនស្រីម្នាក់ ឈ្មោះណាន ស្រីហាច អាយុ១២ឆ្នាំ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយមិនដឹងមូលហេតុ។

តាមការបំភ្លឺពីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កូនស្រីរបស់គាត់ (ណាន ស្រីហាច) បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-9964 ដឹកឪពុកឈ្មោះអឿ ណាន ទៅដាក់លបក្តាម នៅវាលស្រែ ខាងក្រោយផ្ទះ។ លុះពេលទៅដល់វាលស្រែ កូនស្រីបានជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង ប៉ុន្តែបាត់មិនឃើញមកដល់ផ្ទះសោះ លុះរហូតដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល គាត់និងប្តី ក៏បានយកទូរស័ព្ទចុចទៅលេខទូរស័ព្ទកូនស្រី ដែលមានលេខ 066 735 907 សួរថាកូនឯងនៅឯណា? តែកូនមិនបានឆ្លើយថា នៅឯណាទេ គ្រាន់តែនិយាយថា ទៅឥឡូវហើយ រួចបិទទូរស័ព្ទឈឹង តាំងពីពេលនោះមកតែម្តង ហើយរហូតមកដល់ពេលនេះ កូនស្រីរបស់គាត់ នៅពុំទាន់វិលត្រឡប់មកផ្ទះវិញនៅឡើយ។

ជាមួយនេះ ក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ក្នុងករណីបានស្គាល់ ឬប្រទះឃើញកូនស្រីរបស់ពួកគាត់ដែលមានភិនភាគដួចក្នុងរូបថត សូមមេត្តាជួយសហការផ្តល់ព័ត៌មានមកឱ្យសមត្ថកិច្ច តាមរយៈទូរស័ព្ទទាន់ហេតុការណ៍ ០៨៨ ៤៨៨ ៨៨៨១ និង០៩៧ ៧៧៨ ០០៣៦ ដោយអនុគ្រោះ៕

RELATED ARTICLES