ភ្នំពេញ៖ពេជ្រ សោភា ដែលជាតារាស្រីលំដាប់មុខម្នាក់នាពេលបច្ចុប្បន្នហើយជារៀងរាល់ឆ្នាំពេលដល់ថ្ងៃបុណ្យអុំទូកនាងច្រៀងរត់ពីឆាក១ទៅឆាក១ក្នុង១យប់៤ទៅ៥កម្មវិធីជាប់គ្នាក៍មាននោះបានឲ្យដឹងថាទោះជាឆ្នាំនេះប្រមុខរដ្ឋាភិបាលមិនប្រារពពិធីបុណ្យអុំទូក(០៧,០៨ និង០៩វិច្ឆិកា)មែន ប៉ុន្ដែមិនប៉ៈពាល់ដល់ប្រាក់ចំណូលរបស់នាងឡើយ។តារាហង្សមាសរូបនេះវាចាថាថ្វីបើថ្នាក់ដឹកនាំផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះមែន តែខាងConcerts នៅតែតំណើរការជាធម្មតា អ្នករៀបចំប្រគុំតន្រ្ដីនៅតែធ្វើតាមគម្រោង ហេតុនេះហើយនាងរវល់លើសដើម ព្រោះថាសូម្បីតែមិនទាន់ដល់បុណ្យអុំទូកផងរាល់ថ្ងៃនាងច្រៀង១អាទិត្យ៥ដង ។

តាមរយៈការអះអាងរបស់ពេជ្រ សោភា បែបនេះប្រាកដជាមានបណ្ដារក្រុមហ៊ុនធំទាំងឡាយដែលរៀបចំប្រគុំតន្រ្ដីនៅថ្ងៃបុណ្យអុំទូកនោះបានកក់នាងអស់ទៅហើយព្រោះនៅបាំងតែ១ខែទៀតពិធីនោះនឹងមកដល់ហើយទោះជាគ្មានការប្រណាំងទុកដូចឆ្នាំមុនៗនៅភ្នំពេញក្ដី តែមនុស្សដើរកម្សាន្ដនឹងទស្សនាតន្រ្ដីនៅតែមានដដែល។សោភា មិនប្រាប់ទិន្នន័យថា៣ថ្ងៃនៃពិធីបុណ្យអុំទូកខាងមុខនោះនាងជាប់ច្រៀងនៅទីណាខ្លះ ហើយតម្លៃខ្លួននាងច្រៀង១កម្មវិធីស៊ីថ្លៃប៉ុន្មានឡើយ ប៉ុន្ដែតាមរយៈការដែលសោភា ចេញច្រៀងConcerts ធំៗក៍ដូចជាកម្មវិធីរបស់លោកស្រីទ្រី ដាណា កន្លងមានការបង្ហើបពីអ្នកដឹកនាំសិល្បៈថានាងស៊ីថ្លៃ៥០០០ដុល្លារ ដែលតម្លៃនោះគឺស្ថិតក្នុងលំដាប់អ្នកចម្រៀងGrade A នាពេលបច្ចុប្បន្ន ហេតុនេះហើយគេជឿរថាតារាវ័យ៣៩ឆ្នាំតែរូបសម្រស់នៅតែក្មេងជាងវ័យរូបនេះក្នុង១ឆ្នាំៗនាងរកប្រាក់ចំណូលពីសិល្បៈបានរាប់សែនដុល្លារ ព្រោះត្រូវប៉ាន់ទាំងចម្រៀងនិងស្ពតពាណិជ្ជកម្មធំៗ។

អ្វីដែលគូរឲ្យកត់សម្គាល់សោភា ដែលនៅសល់តែជាង២ខែទៀតនាងនឹងឈានចូលវ័យគម្រប់អាយុ៤០ឆ្នាំគត់នោះ តែគេឃើញនាងកាន់តែមានការតុបតែងខ្លួនប្លែកៗគូរឲ្យទាក់ទាញមិនចាញ់យុវវ័យឡើយ។អ្នកខ្លះសង្ស័យថាសោភា មានជំនួយការពិសេសឬទីប្រឹក្សារតុបតែងខ្លួនប្រចាំដើម្បីឲ្យនាងមានភាពទាក់ទាញថែមទៀតជាមិនខាន តែខ្លះទៀតបែជាថាការលេងខ្លួនរបស់សោភា ចុងក្រោយនេះហាក់ដូចជានាងត្រៀមបញ្ចេញអ្វីពិសេសដែលមិនធ្លាប់មានពីមុនទៅវិញ ។

ពេជ្រ សោភា ថាវិធីតុបតែងខ្លួនរបស់នាងចុងក្រោយនេះប្លែកបន្ដិចមែន ព្រោះនាងជាតារាម្នាក់ដែលត្រូវមើលពីស្រុកគេដែរ ហើយនាងចង់យករបស់ខ្មែរកែច្នៃឲ្យបរទេសបានឃើញ។នាងថានឹងបញ្ចេញអ្វីថ្មីប្លែកក្នុងពេលឆាប់ៗខាងមុខនេះហើយតែមិនបង្ហើបថាជារឿងអ្វីហើយទាក់ទងMV ក្នុងបទចម្រៀងឬជាសម្លៀកបំពាក់នោះទេ។

ពេជ្រ សោភា នៅតែរក្សារបានតំណែងជាតារាស្រីលំដាប់មុខដូចឱក សុគន្ធកញ្ញា ដែរនៅហង្សមាស បើទោះជាតារាផលិតកម្មធំនេះមានកាន់តែច្រើនក្ដី។តែសោភា តែងតែបើកចិត្តទូលាយថានាងចង់ឃើញរលកក្រោយស្ទុះឡើង ហើយនាងបានត្រៀមចិត្តកាយជានិច្ចក្នុងការផ្ដល់បទពិសោធន៍របស់ខ្លួនទៅអ្នកបន្ដវេនក្នុងនោះមានដូចជាការធ្វើជាគ្រូបង្វឹក(Coach)កម្មវិធីThe Voice Cambodia ២រដូវកាលកន្លងមកនិងBeat The Best រដូវកាលទី១ជាដើម។ប៉ុន្ដែអ្វី ដែលFan សោភា តែងតែតាមដាននាងពីលើបទចម្រៀងនាងនោះគឺចំណងស្នេហាថ្មីរបស់នាង ។

តែតារាដែលមានព័តមានថាGalaxy ចង់ទិញនាងឲ្យទៅចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ កាលពីខែកញ្ញាឆ្នាំ២០២០ ជាមួយតម្លៃខ្លួនខ្ពស់រាប់សែនដុល្លារ ប៉ុន្ដែនាងជ្រើសផ្លូវមិនចេញពីហង្សមាសនោះនាងមិនដែលនិយាយពីរឿងត្រៀមខ្លួនចូលរោងការជាលើកទី២ឡើយ។អតីតតារាដែលធ្លាប់មានប្រវត្តិកម្សត់លក់អំពៅសាងវិវត្តន៍មកជាតារាកំពូលលំដាប់ប្រទេសរូបនេះក៍ត្រូវបានមហាជនសរសើរផងដែរព្រោះនាងបានធ្វើសប្បុរសធ័មជាបន្ដបន្ទាប់ដូចជាសង់សាលារៀន,បុកអណ្ដូង និងជួយជនក្រីក្រជាច្រើនមកហើយ តែនាងមិនដែលបង្ហោះឬបញ្ចេញសកម្មភាពទាំងនោះនៅលើបណ្ដាញសង្គមឡើយ។សោភា ដែលកាន់គ្រីស្ទានរយៈពេលជាង២០ឆ្នាំមកនោះថាភាគច្រើនអ្នកទទួលបានថវិការឬអំណោយពីនាងពួកគេជាអ្នកបញ្ចេញ ហើយនាងនឹងបន្ដសកម្មភាពសប្បុរសធ័មទៅតាមលទ្ធភាពជារៀងរហូតឲ្យតែនាងនៅមានឱកាស៕