ភ្នំពេញ ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពីស្ទឹង ព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីបង្ការការជន់លិចតំបន់ក្បែរនោះ។
ក្នុងបេសកកម្មនោះ លោករដ្ឋមន្ដ្រី លឹម គានហោ បានបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងនៅឡើយទេ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥.០៥ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.៣០ម៉ែត្រ)
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០.២៥ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៧.២០ម៉ែត្រ ជាកម្ពស់មួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ ព្រោះស្ថានភាពទឹក នៅបន្តកើនឡើង៕