Thursday, February 5, 2026
Homeព័ត៌មានជាតិរដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ឱសានវាទ រុះរបារពាណិជ្ជកម្មកាត់ទទឹងផ្លូវ ត្រឹមចុងខែកុម្ភៈ

រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ឱសានវាទ រុះរបារពាណិជ្ជកម្មកាត់ទទឹងផ្លូវ ត្រឹមចុងខែកុម្ភៈ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានកំណត់ឱ្យមានការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបារកាត់ទទឹងផ្លូវ  (OVERHEAD PASS) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជើងមួយ (UNIPOLE BILLBOARD) តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ដល់ចំណុចស្ពានធ្នួសលួង ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ គោលបំណងដើម្បីរៀបចំស្ថាបនាសួនច្បារ លំហចំណតសាធារណៈ និងពង្រីកទទឹងផ្លូវជាតិលេខ៤។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនដំណឹងដល់លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបារកាត់ទទឹងផ្លូវ (OVERHEAD PASS) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជើងមួយ (UNIPOLE BILLBOARD) ជ្រាបថា រដ្ឋបាលខេត្ត នឹងរៀបចំស្ថាបនាសួនច្បារ លំហចំណតសាធារណៈ និងពង្រីកទទឹងផ្លូវជាតិលេខ៤ ចាប់ពីចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ដល់ចំណុចស្ពានធ្នួសលួង ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីកែលម្អសោភណភាពទីប្រជុំជនក្រុងច្បារមន ឱ្យកាន់តែមានភាព ប្រសើរឡើងថែមទៀត។

ក្នុងន័យនេះ ដើម្បីឱ្យដំណើរការស្ថាបនាគម្រោងខាងលើ អនុវត្តបានស្របតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្ត ស្នើលោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន ធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងពីរប្រភេទ ចាប់ពីចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ដល់ចំណុចស្ពានធ្នួសលួង ភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឱ្យបាននៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងករណីដល់កាលបរិច្ឆេទកំណត់ ក្រុមហ៊ុននៅតែពុំព្រមអនុវត្ត រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ ដោយពុំទទួលខុសត្រូវនូវរាល់ការខូចខាតណាមួយឡើយ។ ទទួលបានសេចក្តីជូនដំណឹងនេះ សូម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនផ្ទាំង ផ្សព្វផ្សាយពាណិជ្ជកម្មរបារកាត់ទទឹងផ្លូវ (OVERHEAD PASS) និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជើងមួយ (UNIPOLE BILLBOARD) ទាំងពីរប្រភេទ នៅតាមទីតាំងខាងលើ ជ្រាបនិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់…៕

RELATED ARTICLES