Sunday, September 22, 2024
Homeព័ត៌មានជាតិកូនកាប់ម៉ែ១កាំបិត ខឹងសុំលុយអត់ឱ្យ

កូនកាប់ម៉ែ១កាំបិត ខឹងសុំលុយអត់ឱ្យ

ខេត្តកំពត ៖ កូនប្រុសចិត្តកំណាចម្នាក់ បានសុំលុយម្តាយ យកទៅចាយ លុះម្តាយប្រាប់ថា អត់មានលុយឱ្យ ក៏រករឿងឈ្លោះ ឈានដល់អំពើហិង្សា ទាញកាំបិតកាប់ម្តាយបង្កើតខ្លួនឯង ១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ចំណែកកូនប្រុសកំណាច ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសបង្កើតកាប់ម្តាយនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

ជនសង្ស័យដែលកាប់ម្តាយខ្លួនឯង ១កាំបិត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ិន ប៉ឹប ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះមាន ម៉ៅ អាយុ៦៦ឆ្នាំ រងរបួសដៃខាងស្តាំ ចំដើមដៃ ដាច់សរសៃ រយះ ដេរចំនួន ១៥ថ្នេរ។ ម្តាយកូនអ្នកទាំងពីរ មានលំនៅ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សដែលមិនមានការងារអ្វីធ្វើនោះទេ និងចេះតែដើរផឹកស៊ី ប្រើថ្នាំញៀន ហើយរករឿងក្រុមគ្រួសារជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស៊ីនិងប្រើប្រាស់ថ្នាំញៀនរួច ជនសង្ស័យជាកូនប្រុស ឈ្មោះហ៊ិន ប៉ឹប បានត្រឡប់មកផ្ទះ សុំលុយពីម្តាយ ដើម្បីយកទៅចាយវាយនិងផឹកស៊ីបន្តទៀត តែត្រូវម្តាយប្រាប់ថា អត់មានលុយឱ្យទេ ជាហេតុធ្វើឱ្យជនសង្ស័យជាកូនប្រុស ខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់រករឿងឈ្លោះ និងឈានដល់អំពើហិង្សា ស្ទុះទាញកាំបិតកាប់ប្រហារម្តាយបង្កើតខ្លួនឯង ចំនួន១កាំបិត ចំដើមដៃខាងស្តាំ បណ្តាលឱ្យរយះដាច់សរសៃ រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយក្រុមគ្រូពេទ្យ បានជួយព្យាបាល ដោយដេរមុខរបួសចំនួន១៥ថ្នេរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកទឹកឈូ បានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ិន ប៉ឹប បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES