ខេត្តបន្ទាយមានជ័យ ៖ យុវជនជាសិស្សសាលាម្នាក់ ចេញពីរៀន ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៏ឆ្លៀតចុះលេងទឹកនៅតាមផ្លូវ ស្រាប់តែអកុសល បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចេញអន្តរាគមន៍ជួយរាវរកសពអស់ជាច្រើនម៉ោង ទើបប្រទះឃើញ និងស្រង់យកមកប្រគល់ឱ្យក្រុមគ្រួសារ។
ករណីយុវជនជាសិស្សសាលាលង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅចំណុច ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះរុំ ឧទរ ហៅធី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះខាងលើ បានចេញពីសាលារៀន ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវ បានឆ្លៀតចុះលេងទឹកនៅតាមផ្លូវក្រាលបេតុង រួចក៏រអិលជើងធ្លាក់ចូលទឹកហូរ នាំទៅកន្លែងជ្រៅ បណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។
ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនរងគ្រោះ រហូតដល់វេលាម៉ោង ២និង១៩នាទីរសៀល ថ្ងៃដដែល ទើបប្រទះឃើញសពយុវជនរងគ្រោះ នៅត្រង់ចំណុចភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។
ក្រោយរកឃើញសពយុវជនរងគ្រោះហើយ កម្លាំងសង្គ្រោះ បានស្រង់យកទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕