Sunday, September 22, 2024
Homeព័ត៌មានជាតិចេញគុក២ថ្ងៃ អារកសម្លាប់ខ្លួន

ចេញគុក២ថ្ងៃ អារកសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ លុះដល់ថ្ងៃកំណត់ចេញមកវិញ ទើបនឹងបាន២ថ្ងៃ អត់មានការងារធ្វើ ក៏បែកគំនិតប្រើប្រាស់គ្រឿងញៀន ជាមួយបក្ខពួក លុះជក់ថ្នាំរួច (បែកថ្នាំ) ស្រាប់តែទាញកាំបិតប៉័ងតោ មកអារកខ្លួនឯង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រោមស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលអារកសម្លាប់ខ្លួន មានឈ្មោះស្រឿន ធឿន អាយុ៣៣ឆ្នាំ ស្នាក់នៅម្តុំរោងចក្រទឹកកក នៅម្តុំផ្លូវជាតិលេខ៥។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ស្ថិតក្នុងសភាពវង្វេងស្មារតី ដូចជាមនុស្សបែកថ្នាំ បានដើរកាន់កាំបិតប៉័ងតោ ១ដើម មកដល់ត្រង់ចំណុចខាងក្រោមស្ពានជ្រោយចង្វា (កន្លែងកើតហេតុខាងលើ) ស្រាប់តែលុតជង្គង់ចុះ បន្ទាប់មក ទាញកាំបិតអារកខ្លួនឯង បណ្តាលឱ្យហូរឈាមស្រោចខ្លួន រងរបួសយ៉ាងធ្ងន់ ធ្វើឱ្យមានការផ្អើលយ៉ាងខ្លាំង ហើយភ្លាមនោះ ក៏មានប្រជាពលរដ្ឋដែលកំពុងជិះម៉ូតូតាមដងផ្លូវ ប្រទះឃើញ ក៏បានឈប់ម៉ូតូ រួចឆក់យកកាំបិតចេញពីបុរសខាងលើ។

តាមសម្តីបុរសខាងលើ បានរៀបរាប់ប្រាប់ថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ និងទើបតែចេញបាន២ថ្ងៃប៉ុណ្ណោះ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនអត់មានការងារធ្វើ ក៏បានទៅជក់ថ្នាំញៀនជាមួយបក្ខពួក លុះក្រោយមក ស្រាប់តែមានអារម្មណ៍តូចចិត្តលែងចង់រស់ ទើបយកកាំបិតប៉័ង តោ មកអារកខ្លួនបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានទាក់ទងហើយរថយន្តសង្គ្រោះ មកដឹកបុរសខាងលើ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ៕

RELATED ARTICLES