Sunday, September 22, 2024
Homeព័ត៌មានជាតិចាប់ស្រី ជំរិតទារលុយ១០ម៉ឺនដុល្លារ

ចាប់ស្រី ជំរិតទារលុយ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖  កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធ ចំនួន៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។

នៅវេលាម៉ោងប្រមាណ ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ី ផឹង ភេទប្រុស អាយុ២៤ឆ្នាំ នៅក្នុងខុនដូ តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  និងបានជួយរំដោះជនរងគ្រោះម្នាក់ ឈ្មោះង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ៣៤ឆ្នាំ។ ខណៈពេលជំនាញកំពុងសាកសួរជនសង្ស័យឈ្មោះអ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្តគេចចេញពីទីតាំងខាងលើបាត់អស់។

រហូតដល់វេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចូលឆែកឆេរបន្ទប់ក្រុមជនសង្ស័យ លេខ B1909 ជាន់ទី១៩ ខុនដូរ Urban Villige ក៏បានរកឃើញមានក្រាមសថ្លា ១កញ្ចប់ធំល្មម (សង្ស័យសារធាតុញៀន) ថ្នាំពណ៌ក្រហម ចំនួន ៣៦គ្រាប់ (សង្ស័យសារធាតុញៀន) និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បន្ទាប់មកនៅវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រលប់ ថ្ងៃដដែល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងទីតាំងបក្ខពួកជនសង្ស័យបាន នៅបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏បានបន្តទៅសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់រថយន្ត ១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1625 ព្រមទាំងបក្ខពួកជនសង្ស័យ ចំនួន៤នាក់ និងបានស្រាវជ្រាវបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់បន្ថែមទៀត និងដកហូតរថយន្ត Land Cruiser ពណ៌ស ១គ្រឿង ស្លាកលេខ ភ្នំពេញ 2BP-1617។

ក្នុងអំឡុងពេលប្រតិបត្តការ ជនសង្ស័យទាំងនេះ បានព្យាយាមបើករថយន្តអូឌី បំបុកកម្លាំងសមត្ថកិច្ចដើម្បីរត់គេចខ្លួន ធ្វើឱ្យកងកម្លាំងម្នាក់រងរបួសជើង ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើដើម្បីបង្អាក់ជនសង្ស័យ ទើបជនសង្ស័យព្រមបញ្ឈប់សកម្មភាព និងប្រគល់ ខ្លួនតាមសម្រួល។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស្រាវជ្រាវ និងកសាងសុំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES