Sunday, September 22, 2024
Homeព័ត៌មានជាតិប្តីមិនព្រមលែងលះ ប្រពន្ធរត់ចោលផ្ទះ ផ្តល់ដំណឹងថា គេចាប់បង្ខាំងរំលោភបូក

ប្តីមិនព្រមលែងលះ ប្រពន្ធរត់ចោលផ្ទះ ផ្តល់ដំណឹងថា គេចាប់បង្ខាំងរំលោភបូក

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានទទូចសុំលែងលះប្តី ជាច្រើនលើកច្រើនសាមកហើយ តែបុរសជាប្តី មិនព្រម និងថែមទាំងត្រូវក្រុមគ្រួសារស្តីបន្ទោសទៀតផង ទើបធ្វើឱ្យស្ត្រីជាប្រពន្ធ បែកគំនិត រត់ចោលផ្ទះបាត់ រួចលួចផ្តល់ដំណឹងប្រាប់ប្តី ដោយប្រឌិតរឿងថា ត្រូវគេចាប់បង្ខាំងរំលោភបូក និងធ្វើទារុណកម្ម ជាហេតុធ្វើឱ្យបុរសជាប្តីភ័យឆោឡោ រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកអស់៣ថ្ងៃ ទើបរកឃើញស្ត្រីជាប្រពន្ធ និងដឹងការពិតថា តាមពិតជារឿងដែលប្រពន្ធប្រឌិតឡើងទាំងអស់ ព្រោះតែខឹងសុំលែងប្តីអត់បាន។

ស្ត្រីជាប្រពន្ធដែលប្រឌិតរឿងថាមានគេចាប់បង្ខាំងរំលោភបូក និងធ្វើទារុណកម្មនោះ មានឈ្មោះរី ចន្ថា។ ចំណែកបុរសជាប្តី មានឈ្មោះពេន ចាន់ថា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា កាលពីពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះពេន ចាន់ថា ដោយបានប្តឹងពីករណីបាត់ប្រពន្ធរបស់ខ្លួន ឈ្មោះរី ចន្ថា ដោយទទួលដំណឹងថា ត្រូវបានគេចាប់បង្ខាំង រំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់។

ប្រភពដដែល បន្តថា ក្រោយពីបានទទួលបណ្តឹងភ្លាម នាយកដ្ឋានជំនាញ បានបើកការស្រាវជ្រាវបន្ទាន់ ដោយប្រើរយៈពេល ៣ថ្ងៃ និងដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគររាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ ទីបំផុតសមត្ថកិច្ចបានរកឃើញស្ត្រីរងគ្រោះ នៅផ្ទះមិត្តភក្តិដែលរាប់អានគ្នា។ លុះពេលរកឃើញស្ត្រីជាប្រពន្ធ ទើបដឹងថា ការពិតមិនមានករណីចាប់បង្ខាំងរំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់អ្វីនោះឡើយ គឺរឿងនេះ ត្រូវបានស្ត្រីជាប្រពន្ធប្រឌិតឡើងទាំងអស់។

ប្រភពខាងលើ បញ្ជាក់ថា តាមការសាកសួរសាមីខ្លួនស្ត្រីជាប្រពន្ធ បានរៀបរាប់ថា រឿងដែលកើតមាននេះ គឺជាផែនការរបស់នាង ដែលប្រឌិតរឿងនេះឡើង ដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារនិងប្តី ខណៈដែលរូបនាងបានស្នើសុំលែងលះប្តី ជាច្រើនដង តែមិនបានសម្រេច ព្រោះតែប្តីមិនព្រម ណាមួយត្រូវក្រុមគ្រួសារស្តីបន្ទោស ដាក់សម្ពាធទៀតផង។

ជាចុងក្រោយ នាយកដ្ឋានជំនាញ បានធ្វើការណែនាំអប់រំពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយលក្ខណ៍អក្សរ ចំពោះសមត្ថកិច្ចនាយកដ្ឋាន ដោយសន្យាថា មិនឱ្យមានករណីបែបនេះ កើតឡើងជាលើកទី២ឡើយ៕

RELATED ARTICLES