Sunday, September 22, 2024
Homeព័ត៌មានជាតិទាស់សម្តី ២ព្រួតវ៉ៃ១ រយះក្បាល

ទាស់សម្តី ២ព្រួតវ៉ៃ១ រយះក្បាល

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ២នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយបុរសម្នាក់ រហូតឈានដល់ការប្រើអំពើហិង្សា ដោយដកដើមដំឡូងមី ព្រួតវាយទៅលើបុរសជាគូទំនាស់ បណ្តាលឱ្យហើមមុខ បែកក្បាល រងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី១៨ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអូក គីម ភេទប្រុស អាយុ ២២ឆ្នាំ និងទី២-ឈ្មោះខន រស់ ភេទប្រុស អាយុ២៩ឆ្នាំ។ ជនសង្ស័យទាំង២ រស់នៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ជាមួយគ្នា។ ចំណែកជនរងគ្រោះ មានឈ្មោះភួង លន់ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់បណ្តោះអាសន្ន ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះភួង លន់ ពីករណីហិង្សាដោយចេតនា ដោយប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះអូក គីម និងឈ្មោះខន រស់ ថាបានព្រួតវាយខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។

លោកអធិការ បន្តថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើ នាំយកមកសាកសួរ ដោយដកហូតបានវត្ថុតាង ដើមដំឡូងមី ដែលបាក់ជាកំណាត់ៗទៀតផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើដើមដំឡូងមី វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសបែកក្បាល ហើមជាំមុខ និងខ្លួន របួសធ្ងន់ប្រាកដមែន។

ករណីនេះ ជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ រីឯជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES