Sunday, September 22, 2024
Homeព័ត៌មានជាតិជ្រកភ្លៀងក្រោមដើមស្វាយ រន្ទះបាញ់២នាក់

ជ្រកភ្លៀងក្រោមដើមស្វាយ រន្ទះបាញ់២នាក់

ខេត្តបន្ទាយមានជ័យ ៖ បុរស ២នាក់ បានចេញទៅឃ្វាលគោ ក្របី នៅវាលស្រែជាមួយគ្នា លុះក្រោយមកឃើញមេឃធ្លាក់ ភ្លៀង ក៏នាំគ្នារត់ចូលទៅជ្រកនៅក្រោមដើមស្វាយ មួយដើម ស្រាប់តែរំពេចនោះ មានរន្ទះបាញ់ចំជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យសន្លប់បាត់មាត់ឈឹង រងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ។

ករណីបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យមនុស្ស២នាក់ រងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោមដើមស្វាយមួយដើម ស្ថិតក្នុងភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។

ជនរងគ្រោះទាំង២នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់ ទី១-ឈ្មោះធួរ ចក់ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះឈឺន ឈួយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានចេញទៅឃ្វាលគោ ក្របី ដូចសព្វដង លុះក្រោយមក នៅវេលាម៉ោងកើតហេតុ មានភ្លៀងធ្លាក់ ទើបជនរងគ្រោះទាំង២នាក់ បាននាំគ្នារត់ចូលទៅជ្រកក្រោមដើមស្វាយ ចំណុចកើតហេតុខាងលើ ស្រាប់តែរំពេចនោះ មានរន្ទះបាញ់ដើមស្វាយ បណ្តាលឱ្យត្រូវអ្នកទាំងពីរ សន្លប់បាត់មាត់ឈឹង រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន រុងរឿង នៅស្រុកស្វាយចេក ភ្លាមៗ។ រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះទាំង០២នាក់ បានធូរស្រាលឡើងវិញហើយ៕

RELATED ARTICLES