ភ្នំពេញ៖សុគន្ធ និសា បានអង្គុយកៅអីជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣វិញ ហាក់ត្រៀមខ្លួនបានល្អជាងរដូវកាលទី១ តែគេមិនទាន់អាចសន្និដ្ឋានបានទេថាតើនាងអាចយកឈ្នះប្អូនថ្លៃលោកថៅកែហង្សមាសឱក សុគន្ធកញ្ញា និងអតីតស្វាមីអ្នកនាងចាន់ សុផានី លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ តាមរយៈការដឹកដៃកូនក្រុមខ្លួនលើកពានបានឬអត់នោះទ ខណៈដែលមុនទទួលតំណែងធំនេះម្ដងទៀតនិសា បានស្នើសុំទៅមហាជនថាឲ្យមានការយោគយល់ឬអធ្យាស្រ័យណាមួយចំពោះរូបនាងផង ប្រសិនបើមានកំហុសដោយអចេតនា។ការអះអាងបែបនេះរបស់និសា ត្រូវបានគេសន្និដ្ឋានថាដោយសារតែនាងមានបទពិសោធន៍កាលពីរដូវកាលទី១ដែលនាងកាន់តំណែងនេះរងការរិះគន់ច្រើនជាងគាំទ្រ ទើបធ្វើឲ្យនាងដកថយអស់១រដូវកាល ហើយក្រោយសម្រួលអារម្មណ៍បានវិញនេះនាងក៍ស្ដារមុខជាថ្មីម្ដងទៀតដោយមានការគាំទ្រយ៉ាងពេញទំហ៊ឹងពីស្វាមីនាង។តែនិសា ថាការអាកខានចេញមុខជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាទី២នោះដោយសារតែនាងមានបញ្ហាសុខភាព។

អ្នកជំនាញសិល្បៈបានលើកឡើងថាការដែលថៅកែហង្សមាសសម្រេចចិត្តប្រគល់កៅអីCoach ដល់សុគន្ធ និសា វិញហើយដកតួនាទីនេះពីសួស វីសា នោះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជាការចងជើងនិសា កុំឲ្យដើរចេញពីហង្សមាសជាលើកទី២។ប្រភពនោះថាមុននេះមានព័តមានថាផលិតកម្មរាម ចង់បាននិសា ធ្វើជាសមាជិករបស់ខ្លួនហើយរកស៊ីធំជាមួយគ្នាដូចមាស សុខសោភា ដែរ ហេតុនេះហើយគេជឿរថាហង្សមាសនឹងឲ្យតួនាទីធំដូចគ្នានេះផ្សេងទៀតទៅនិសាជាមិនខាន ព្រោះបទពិសោធន៍របស់ផលិតកម្មធំនេះក្រោយបាត់បង់លោកព្រាប សុវត្ថិ មក ពួកគេមិនចង់ឲ្យតារាសំខាន់របស់ខ្លួនធ្លាក់ទៅកណ្ដាប់ដៃផលិតកម្មជាគូប្រជែងខ្លួនទៀតឡើយ។

តាមព័តមានថាក្រៅពីរាម នោះសុគន្ធ និសា ក៍ជាគោលដៅរបស់Galaxy ដែរចង់បានដែរ ដើម្បីធ្វើជាដៃគូលោកឧកញ៉ាព្រាប សុវត្ថិ ក្រោយពេជ្រ សោភា ក្រាញមិនព្រមចេញពីហង្សមាស។តែនិសា ជ្រើសផ្លូវ”ឆ្នាំងចាស់ បាយឆ្ងាញ់” ហើយនៅឆ្នាំ២០២២ នេះដែរនាងក៍ប្រកាសថាយកកូនដំបូងផងដែរ ក្រោយរៀបការជិត៥ឆ្នាំអត់កូន១គ្រាប់។និសា ធ្លាប់ប្រាប់ថាបន្ទាប់ពីលោកព្រាប សុវត្ថិ ចាកចេញពេលនេះដៃគូចម្រៀងរបស់នាងមានលោកឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ ជាដើម។និសា ថាដោយសារតែនាងមានអាយុរាងច្រើនដែរហើយ ហេតុនេះមិនអាចចាប់ដៃគូច្រៀងសម្ដែងជាមួយតារាវ័យក្មេងៗនៅហង្សមាសបានទេ ទោះជាពួកគេសុទ្ធតែមានសម្ថភាពរៀងៗខ្លួនក្ដី៕


