Sunday, September 22, 2024
Homeព័ត៌មានជាតិស្រីស្នេហ៍បែកចិត្ត ប្រុសចងកស្លាប់

ស្រីស្នេហ៍បែកចិត្ត ប្រុសចងកស្លាប់

ខេត្តកណ្តាល ៖ យុវជនជាកម្មករបូមខ្សាច់ម្នាក់ ហេតុតែខូចចិត្តរឿងស្នេហា ត្រូវសង្សារបែកចិត្ត ក៏ប៉ុនប៉ងសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានមិត្តរួមការងារឃាត់ទាន់ លុះក្រោយមក ផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏គិតខ្លីជាថ្មីម្តងទៀត ដោយចងកសម្លាប់ខ្លួន នៅក្នុងរោង ១កន្លែង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចខ្ទមមួយកន្លែង ស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឌិន ធុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បច្ចុប្បន្នធ្វើការនិងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ប្រភពដដែល បន្តថា ជនរងគ្រោះបានចូលមកជាកម្មករបូមខ្សាច់ ឱ្យដេប៉ូមួយកន្លែង ស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ  អស់រយៈពេលជាង២ឆ្នាំមកហើយ។ លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះ រួមនិងកម្មករធ្វើការជាមួយគ្នា ផ្សេងទៀតបានជួបជុំគ្នាផឹកស្រាបៀរ នៅក្នុងរោងមួយ ក្បែរកន្លែងធ្វើការ (ទីតាំងកើតហេតុ)។ ក្រោយពីផឹកស្រាបៀរអស់ នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃដដែល ក៏នាំគ្នាឈប់ផឹក រួចបំបែកគ្នាទៅសម្រាករៀងៗខ្លួន តែមុនចែកផ្លូវគ្នាទៅពេលសម្រាកនោះ គេឃើញជនរងគ្រោះ និយាយទូរស័ព្ទរហូត ប៉ុន្តែមិត្តភក្តិមិនចាប់អារម្មណ៍ ក៏សម្រាកលង់លក់បាត់អស់ទៅ។ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោយពេលភ្ញាក់ពីដំណេក ក៏ប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ មិនដឹងថា ស្លាប់តាំងពីពេលណាមកទេ។

តាមការបំភ្លឺពីឈ្មោះស៊្រុន ឡោះ ភេទប្រុស ជាមិត្តភក្តិរួមការងារជាមួយជនរងគ្រោះ បានឱ្យដឹងថា កាលពីខែមុន ជនរងគ្រោះធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងម្តងរួចមកហើយ តែខ្លួនបានដឹងទាន់ក៏ជួយឃាត់។ ចំណែកមូលហេតុដែលជនរងគ្រោះប៉ុនប៉ងគិតខ្លីនេះ គឺដោយសារតែមានវិបត្តិរឿងស្នេហា សង្សារបែកចិត្ត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ និងក្រុមគ្រូពេទ្យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្តែង រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចងក) ប្រាកដមែន។ មូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្តរឿងស្នេហា សង្សារបែកចិត្ត។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES