Sunday, September 22, 2024
Homeព័ត៌មានជាតិឆក់អត់បាន ធាក់ផ្តួល

ឆក់អត់បាន ធាក់ផ្តួល

ភ្នំពេញ ៖ ស្ត្រី ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាតាមផ្លូវ ដោយមានព្យួរថង់១ ជាប់នឹងកម៉ូតូផង (ថង់ដាក់ទឹកប្រទាលកន្ទុយក្រពើ និងឆ្នាំងសាកទូរស័ព្ទ) ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យ ១ក្រុម ចេញមកធ្វើសកម្មភាពឆក់យកថង់នោះ ដោយនឹកស្មានថា ជាថង់ដាក់លុយ ប៉ុន្តែ ឆក់មិនបានសម្រេច ក៏ធាក់ផ្តួលម៉ូតូស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-3727 ឌុបគ្នាតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ១ ក្រុម មាន៥នាក់ ជិះម៉ូតូ ២គ្រឿង (ម៉ាកស្កុបពី ១គ្រឿង និងម៉ាកហុងដា ឌ្រីម ២គ្រឿង) មិនចាំស្លាកលេខ បានមកកៀក ហើយធ្វើសកម្មភាពឆក់ថង់ដាក់សម្ភារៈរបស់គាត់ ដែលព្យួរនៅកម៉ូតូ និងធាក់បណ្តាលឱ្យគាត់ដួលរង របួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ក្រោយពីធ្វើសកម្មភាពមិនបានសម្រេចរួចហើយ ក្រុមជនសង្ស័យបានជិះម៉ូតូឡើងលើស្ពានអាកាសស្ទឹងមានជ័យ គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ដោយស្ត្រីរងគ្រោះទាំង២នាក់ បានហៅម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាលរបួស។ ចំណែកថង់ដែលត្រូវជនសង្ស័យឆក់ តែមិនបានសម្រេចនោះ គឺមានទឹកប្រទាលក្រពើ ១ដប និងឆ្នាំងសាកទូរស័ព្ទ ១គ្រឿងប៉ុណ្ណោះ ។

ជាមួយនេះ ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាជួយដាក់កម្លាំងល្បាតជាប្រចាំផង ព្រោះករណីឆក់នៅបរិវេណស្ពានអាកាសស្ទឹងមានជ័យ តែងកើតមានស្ទើររាល់ថ្ងៃ៕

RELATED ARTICLES