Sunday, September 22, 2024
Homeព័ត៌មានជាតិឈ្មួញសម្រុកដឹកដើមឈើធំៗ ឆ្លងដែនទៅវៀតណាម

ឈ្មួញសម្រុកដឹកដើមឈើធំៗ ឆ្លងដែនទៅវៀតណាម

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ រស់នៅឃុំសំយ៉ោង ស្រុកកំពង់រោទ៍ បានឱ្យដឹងថា មេឈ្មួញដឹកដើមឈើធំៗ បម្រុងលោតឆត្រឆ្លងដែនទៅស្រុកយួន តាមប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនសំយ៉ោង ប៉ុន្តែបែកធ្លាយដល់អ្នកសារព័ត៌មាន តាមថតរូបភាពទាន់ពេលវេលា ហើយនៅព្រឹកទី១០ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិទួលត្របែក ឃុំប្រសូតិ ស្រុកស្វាយទាប មានរថយន្តដឹកដើមឈើ បានចតនៅក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលរថយន្តទាំងនោះ ពាក់ស្លាកលេខ កំពង់ចាម 3A-6030 និងកំពង់ចាម 3A-8949។

គូរបញ្ជាក់ថា រថយន្តដឹកដើមឈើខ្នាតធំ បម្រុងឆ្លងដែនទៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ តែពេលដែលអ្នកសារព័ត៌មាន ចុះផ្តិតយករូបភាពភ្លាមៗនោះ សមត្ថកិច្ចពាក់ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែន សំយ៉ោង បិទមិនឱ្យរថយន្តដឹកឈើចូលវៀតណាម នោះទេ។

តាមប្រភពពីអ្នកបើកបររថយន្តដឹកដើមឈើ បានឱ្យដឹងថា ដើមឈើដែលដឹកនេះ មកពីខេត្តកំពង់ចាម ជាប្រភេទដើមឈើចម្រុះ ក្នុងការដឹកដើមឈើឆ្លងដែន មេរបស់គាត់ បានធ្វើការចំណាយរត់ការឱ្យគ្រប់ជំនាញអស់ហើយ ដើម្បីឆ្លងព្រំដែនចូលប្រទេសវៀតណាម។

ប្រភពដដែល បន្តថា មេឈ្មួញខ្មែរ រកស៊ីដឹកដើមឈើឆ្លងដែនទៅលក់ឱ្យឈ្មួញយួន ដូចជា ដើមអម្ពិល ដើមធ្នង់ ដើមចាន់គិរី ដើមរាំងភ្នំ និយាយរួម គឺដើមឈើធំៗ នៅពេលដឹកមកដល់ទឹកដីស្វាយរៀង មានអ្នករត់ការឱ្យរួចរាល់ហើយ ទើបសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប បានជាដឹកជញ្ជួនទៅដល់ស្រុកយួន យ៉ាងរលូន៕

RELATED ARTICLES