ភ្នំពេញ៖ថ្មីៗនេះមានការចាប់អារម្មណ៍ទៀតហើយបន្ទាប់ពីគណនីហ្វេសប៊ុកផ្លូវការព្រះសង្ឃល្បីល្បាញមួយអង្គនាកុដលេខ២៤ នៃវត្តនាគវ័ន្ត គឺព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានបង្ហោះវីដេអូថ្មីមួយបញ្ជាក់ពីករណីមាន គណនីធនាគារ ABA របស់បុគ្គលមួយរូបបានបាញ់បច្ច័យជាង៥ពាន់ដុល្លារអាមេរិកផ្ញើទៅកាន់គណនីមួយ របស់ អ្នកជិតដិតព្រះអង្គ ទើបព្រះអង្គប្រកាសអំពីរឿងនេះជាសាធារណៈ ភ្លាមដើម្បីឲ្យអ្នកដែលបាញ់ប្រាក់ពីគណនី យមួយទៅកាន់គណនីយមួយផ្សេងទៀត គួរមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការខាតបង់ប្រាក់កាក់ និង ពេវេលាដើម្បីយកប្រាក់នោះត្រឡប់មកវិញ។ នៅក្នុងវីដេអូរយៈពេលប្រមាណជាង១នាទីនេះ ព្រះអង្គបានភ្ជាប់ដោយសំណេរថា “ច្រឡំABA ទៀតហើយ មិនដឹងថាម្ចាស់លុយពិបាកចិត្តម៉េចទៅ?”។

ក្នុងវីដេអូនោះព្រះតេជគុណ មានសង្ឃដីការបញ្ជាក់អំពីឈ្មោះគណនីម្ចាស់ប្រាក់ដែលបានបាញ់មក និងម្ចាស់គណនីយដែលត្រូវបានគេបាញ់ចូល ហើយព្រះអង្គក៏មិនដឹងថាជាបច្ច័យនេះគឺជារបស់ព្រះសក ឬព្រះសង្ឃអង្គណាឡើយ ។ ព្រះអង្គក៏ស្នើឲ្យប្រជាពុទ្ធបរិស័ទ្ធមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបាញ់ប្រាក់ពីគណនីធនាគារមួយទៅមួយ ហើយសម្រាប់ពុទ្ធបរិស័ទ្ធដែលទទួលបានប្រាក់ដោយមិនមានប្រភព និងការបញ្ជាក់ ត្រូវរងចាំដំណឹងឲ្យបានច្បាស់ពីប្រភពប្រាក់ និងគួរផ្ញើប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញប្រសិនបើដឹងដំណឹងនៃការផ្ញើប្រាក់ខុសព្រោះតែប្រាក់ដែលបាញ់ទៅកាន់បុគ្គលម្នាក់ៗទោះមានចំនួនច្រើនប៉ុន្តែមិនដឹងថាពួគគាត់មានជីវភាពបែបណាឡើយ ពោលអ្នកខ្លះក៏អាចមានជាប់ពាក់ព័ន្ធនឹងករណីខ្ចីធនាគារផងដែរ ។

គេកត់សម្គាល់មុននេះរឿងការបាញ់ប្រាក់ខុសគណនីចូលទៅកាន់គណនីធនាគាររបស់អតីតតារាសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងវែកញែកពេញបណ្តាញសង្គម រហូតផ្ទុះជាពាក្យសម្តីចម្រូងចម្រាសរវាងអ្នកគាំទ្រខាងម្ចាស់ប្រាក់ និងអ្នកដែលទទួលគេបាញ់ប្រាក់ទៅខុសព្រោះតែប្រាក់៣០០ដុល្លារអាមេរិក ត្រូវបានកញ្ញា វ៉ាងស្រីណូ ដកទុកដើម្បីយកហេងហេងទើបធ្វើឲ្យផ្ទុះការវែកញែករកត្រូវខុសរៀងខ្លួននៅលើហ្វេសបុករហូតមកដល់ពេលនេះនៅតែមិនទាន់ស្ងាត់។

សូមបញ្ជាក់ផងដែរថា ដោយសារបច្ចេកវិទ្យាមានការជឿនលឿនការប្រើប្រាស់វិធីសាស្ត្រក្នុងការទូទាត់ និងផ្ញើប្រាក់តាមទូរស័ព្ទដៃ ពីគណនីយធនាគារមួយទៅគណនីយមួយទៀតនោះបានក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់សេវាកម្មធនាគារព្រោះតែមានភាពងាយស្រួល ឆាប់រហ័ស និងមិនមានការកាត់សេវាកម្មអ្វីឡើយ ប៉ុន្តែក្នុងនោះក៏មានការធ្វែសប្រហែលខ្លះដែលនាំឲ្យមានការខុសឆ្គងលើការផ្ញើប្រាក់ មានបញ្ហាយឺតយ៉ាវក្នុងការទូទាត់ ឬផ្ទេរប្រាក់ទៅកាន់បុគ្គលដទៃ ហើយប្រធានបទនេះក៏បានក្លាយជារឿងដែលផ្ទុះជជែកគ្នាមុននេះនៅលើបណ្តាញសង្គមជាហូរហែផងដែរពិសេសភាគីម្ចាស់ដើមបាញ់លុយទៅភាគីម្ខាងទៀតច្រឡំ ហេតុនេះហើយបានជាព្រះតេជគុណនី សុវណ្ណមុនីរ៉េត ផ្ដាំឲ្យពុទ្ធបរិស័ទ្ធ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាប់ពីពេលនេះតទៅ៕



