Sunday, September 22, 2024
Homeព័ត៌មានជាតិខឹងធ្វើម្ហូបក្របានស៊ី ប្តីវ៉ៃប្រពន្ធរយះក្បាលសន្លប់

ខឹងធ្វើម្ហូបក្របានស៊ី ប្តីវ៉ៃប្រពន្ធរយះក្បាលសន្លប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការ បានទិញស្រាផឹកស្រវឹង រួចទារស៊ីបាយ លុះប្រពន្ធធ្វើម្ហូបក្រឆ្អិន ស្រាប់តែយកខ្សែក្រវាត់ វាយប្រពន្ធ បណ្តាលឱ្យបែកក្បាល ប៉ោងភ្នែកម្ខាង និងសន្លប់ស្តូក និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ចំណែកបុរសជាប្តីកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រលប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវាយរបួសធ្ងន់នោះ មានឈ្មោះយឹម យ៉ោម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរសន្តិសុខយាមតាមរោងចក្រ មានស្រុកកំណើតនៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកជនដៃដល់ជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកូវ សារិន អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ប្តីប្រពនទាំងពីរ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាបថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ (ជនសង្ស័យ) ទើបនឹងចេញពីធ្វើការសំណង់ មកដល់បន្ទប់ជួលវិញ ក៏ទិញស្រាមកផឹក លុះពេលផឹកស្រវឹង ក៏បានស្តីបន្ទោស ជេរគាត់ជាប្រពន្ធថា ធ្វើម្ហូបយឺត ក្របានស៊ី បន្ទាប់មកក៏កើតមានការជជែកគ្នាតឹងសរសៃក រហូតរាលដាលធ្លាក់ដល់រឿងលុយ។

ស្ត្រីជាប្រពន្ធ បន្តថា គ្រានោះ ប្តីរបស់គាត់បានសួរនាំរឿងលុយកាក់ថា អស់ទៅណា? ទើបតែបើកមកថ្មីៗសោះ? ពេលនោះ គាត់ជាប្រពន្ធ បានឆ្លើយថា ខ្ញុំយកទៅបង់ថ្លៃបន្ទប់ជួល អស់ហើយ ស្រាប់តែពេលនោះ ប្តីខឹងខ្លាំងណាស់ ក៏បានយកខ្សែក្រវាត់ ចំនួន២ មកផ្គួបគ្នា រួចវាយមកលើរូបគាត់ ចំក្បាល បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន ឃើញបែបនេះប្តីកំណាចមិនបន្ធូរដៃទេ នៅតែបន្តវាយរូបគាត់ថែមទៀត បណ្តាលឱ្យប៉ោងភ្នែកម្ខាង និងសន្លប់ស្តូកស្តឹងតែម្តង ហើយក៏ត្រូវបានប្រជាពលរដ្ឋនៅផ្ទះជួលជិតខាង ឃើញដូច្នេះ បាននាំគ្នាទាក់ទងប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយមន្តរាគមន៍។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរនៅប៉ុស្តិ៍។ ចំណែកប្រពន្ធ ត្រូវបានក្រុមសង្គ្រោះ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យ លោកសង្ឃ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះសាកសួរស្ត្រីរងគ្រោះនៅឯមន្ទីរពេទ្យព្រះកុសមៈ ហើយស្ត្រីរងគ្រោះ បានឆ្លើយថា ប្តឹងយកគាត់ (បុរសជាប្តី) ទៅដាក់ពន្ធនាគារ ព្រោះគាត់មិនអាចទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីបានទៀតឡើយ។

ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES