Sunday, September 22, 2024
Homeព័ត៌មានជាតិចាំផ្លូវប្តីយកត្រីធ្វើម្ហូប អ្នកភូមិសែងសពចូលផ្ទះ

ចាំផ្លូវប្តីយកត្រីធ្វើម្ហូប អ្នកភូមិសែងសពចូលផ្ទះ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានចេញទៅឆក់ត្រី យកមកឱ្យប្រពន្ធធ្វើម្ហូប ស្រាប់តែអកុសល បែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ ខណៈដែលស្ត្រីជាប្រពន្ធមិនដឹងរឿង ចេះតែអង្គុយទន្ទឹងផ្លូវប្តី យកត្រីមកឱ្យស្ល ស្រាប់តែមិនបាន ប៉ុន្មាន ក៏ឃើញអ្នកភូមិសែងសពប្តីរបស់ខ្លួនមកដល់ផ្ទះ ធ្វើឱ្យស្ត្រីជាប្រពន្ធ រន្ធត់ចិត្តយ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចដីស្រែឈ្មោះសាយ សាត ខាងត្បូងភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។

បុរសរងគ្រោះខាងលើ មានឈ្មោះសេង ជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។

តាមសម្តីស្ត្រីឈ្មោះឃី ឃាង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ គាត់និងប្តី (ជនរងគ្រោះ) បានដឹកគោយកទៅចងនៅក្រោយផ្ទះ បន្ទាប់មកគាត់ក៏បានត្រឡប់មកផ្ទះវិញមុន ចំណែកប្តីគាត់ បានយកឧបករណ៍ឆក់ត្រី ចេញទៅរកត្រី នៅវាលស្រែ ក្បែរភូមិ ដើម្បីយកមកឱ្យគាត់ធ្វើម្ហូប។ លុះដល់វេលាម៉ោងប្រហែល ៨ជាង ព្រឹកថ្ងៃដដែល ខណៈដែលគាត់កំពុងតែនៅផ្ទះចាំផ្លូវប្តីយកត្រីមកធ្វើម្ហូប ស្រាប់តែឈ្មោះឃី ខ្នា ភេទប្រុស ត្រូវជាប្អូន បានមកសួរគាត់ថា “បងថ្លៃ (ជនរងគ្រោះ) មកពីរកត្រីវិញហើយឬនៅ? ហើយគាត់ស្ពាយកន្ត្រកពណ៌អ្វី?” គាត់ក៏ឆ្លើយថា “កន្ត្រកពណ៌ក្រហម” ឮដូច្នេះប្អូនគាត់ក៏រត់ទៅបាត់ដោយមិនបាននិយាយអីទៀតទេ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញប្អូន ជាមួយអ្នកភូមិ បានសែងសពប្តីរបស់គាត់ មកដល់ផ្ទះ ធ្វើឱ្យគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ស្ទើរគាំងបេះដូងស្លាប់មួយរំពេច។

ចំណែកឈ្មោះឃី ខ្នា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាប្អូនរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅព្រឹកកើតហេតុ គាត់កំពុងនៅផ្ទះ ស្រាប់តែមានឈ្មោះភាស់ ភេទប្រុស រស់នៅភូមិសំរោង ជាមួយគ្នា មកសួរគាត់ថា មានអ្នកណាចេញទៅឆក់ត្រីទេ? មានអ្នកច្រូតស្មៅឃើញមានអ្នកឆក់ត្រីម្នាក់ស្លាប់ ដោយមានកន្ត្រកពណ៌ក្រហម នៅឯវាលស្រែខាងត្បូងភូមិសំរោង ហើយពុំមានអ្នកណាហ៊ានចូលមើលជិតនោះទេ។ ឮដូច្នេះ គាត់ក៏ប្រញាប់ដើរមកសួរបងស្រីបង្កើតថា ”បងថ្លៃ មកពីរកត្រីវិញហើយឬនៅ? ហើយគាត់ស្ពាយកន្ត្រកពណ៌អី?” បងស្រី ឆ្លើយថា “កន្ត្រកក្រហម មិនទាន់មកវិញទេ” ឮបែបនេះ គាត់ក៏ស្ទុះរត់ទៅមើលទៅចំណុចកើតហេតុតែម្តង ដោយមិនទាន់ហ៊ាននិយាយប្រាប់បងស្រីឱ្យដឹងឡើយ ស្រាប់តែពេលទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញបងថ្លៃរបស់គាត់ដេកស្លាប់ផ្ងារពោះក្នុងស្រែ។ បន្ទាប់មកគាត់ក៏លើកន្ត្រកដាក់ក្បាលឆក់ និងបានយកឫស្សីឆ្កឹះខ្សែភ្លើងចេញ និងដោះតង្គៀបអាគុយ បន្ទាប់មក ទើបលើកសពបងថ្លៃមកដាក់លើភ្លឺស្រែ រួចយកសពមកផ្ទះ។

ក្រោយទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលចុងដូង ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះពិនិត្យដល់កន្លែងកើតហេតុ និងឃើញមានស្នាមឆេះរលាកស្បែកនៅចុងកែងដៃផ្នែកខាងឆ្វេង ទំហំ ០,១សង្ទីម៉ែត្រ គុណនឹង ០,២សង្ទីម៉ែត្រ ក្រៅពីនេះ ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់នឹងឧបករណ៍ឆក់ត្រីប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យស្ត្រីជាប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES