Monday, September 23, 2024
Homeព័ត៌មានជាតិទូរស័ព្ទប្តឹង កូនវ៉ៃម៉ែ ប៉ូលិសចុះជួប ...

ទូរស័ព្ទប្តឹង កូនវ៉ៃម៉ែ ប៉ូលិសចុះជួប …

ខេត្តស្វាយរៀង ៖ បុរសម្នាក់ នៅសុខៗបានយកទូរស័ព្ទចុចហៅទៅលេខសមត្ថកិច្ចប្រចាំបញ្ជា ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយរាយការណ៍ប្តឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារ (កូនប្រុសវាយម្តាយបង្កើតខ្លួនឯង) នៅក្បែរផ្ទះរបស់ខ្លួន លុះសមត្ថកិច្ចចុះទៅដល់ ទើបដឹងថា មិនមែនជាការពិត ក៏នាំខ្លួនបុរសជាអ្នករាយការណ៍ យកទៅសាកសួរ ទើបដឹងថាជាមនុស្សសតិមិនគ្រប់ (មិនគ្រប់ទឹក) សោះ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិទួលសាលា ឃុំជ្រុងពពេក ស្រុករំដួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ថា មានករណីអំពើហិង្សាក្នុងគ្រួសារ (កូនប្រុសវាយម្តាយបង្កើត) មួយបានកើតឡើងនៅចំណុចភូមិទួលសាលា ឃុំជ្រុងពពេក ស្រុករំដួល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិចប្រចាំបញ្ជា បានបញ្ផូនព័ត៌មានទៅលោកមាស ធួក អធិការនគរបាលស្រុករំដួល ដើម្បីចុះអន្តរាគមន៍។

បន្ទាប់មក នៅវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ្រុងពពេក បានចុះទៅដល់ផ្ទះឈ្មោះសុខ សាផុន ដែលត្រូវបានរាយការណ៍មកថា បានវាយធ្វើបាបម្តាយរបស់ខ្លួន ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ មិនដូចអ្វីដែលប្រជាពលរដ្ឋទូរស័ព្ទប្តឹងនោះទេ ព្រោះម្តាយរបស់គាត់ (ឈ្មោះសុខ សាផុន) បានឈឺធ្ងន់ ហើយគាត់ក៏មិនបានប្រើអំពើហិង្សាទៅលើម្តាយ ដូចការប្តឹងចោទប្រកាន់នោះដែរ។

ក្រោយពីទទួលបានព័ត៌មានបឋមបែបនេះ សមត្ថកិច្ចបាននាំខ្លួនជនដែលបានផ្តល់ព័ត៌មាន មកធ្វើការសាកសួរ ជាលទ្ធផល និងដោយមានការបញ្ជាក់ពីស្ត្រីជាម្តាយ ជនដែលបានប្តឹងនោះ គឺគាត់មិនមានសតិគ្រប់គ្រាន់នោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានហៅម្តាយនិងកូន (ជនដែលផ្តល់ព័ត៌មានដល់សមត្ថកិច្ច) មកធ្វើកិច្ចសន្យា ហើយឱ្យម្តាយដកហូតទូរស័ព្ទ ឈប់ឱ្យកូនប្រើប្រាស់តទៅទៀត៕

RELATED ARTICLES