ភ្នំពេញ ៖ តារាសម្តែងជើងចាស់ ល្បីឈ្មោះ អ្នកស្រីអម្ពរ ទេវី ដែលកំពុងរស់នៅជាមួយស្វាមីថ្មី នៅឯសហរដ្ឋអាមេរិក ឃ្លាតឆ្ងាយពិភពសិល្ប: ជាច្រើនឆ្នាំមកហើយនោះ បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ អ្នកស្រីនឹងពុះច្រៀក ពេល វេលា ដ៏មមាញឹក វិលត្រឡប់មកកាន់មាតុភូមិ ដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំថ្មីមួយ បែបបុរាណ ដោយរួមសម្តែងជាមួយដៃគូចាស់រួមជំនាន់ គឺលោកទេព រិនដារ៉ូ ដែលនឹងមានឈុតឆាកស្នេហាត្រីកោណ កាច់កុងគ្នាជាមួយគូប្រជែងស្នេហ៍ លី ម៉ារីណា ។
អ្នកស្រីអម្ពរ ទេវី ដែលសព្វថ្ងៃកំពុងរស់នៅឯសហរដ្ឋអាមេរិក បានឲ្យដឹងថា ទោះបីអ្នកស្រីជាប់រវល់ការងារផ្ទាល់ខ្លួនមមាញឹកយ៉ាងណា ក៏អ្នកស្រីនឹងពុះច្រៀកពេលវេលា មកចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំថ្មី រឿង «អប្សរាមហាអង្គរ» ដែលផលិតដោយផលិតកម្មហង្សមាស និងមានលោកហ្វៃ សំអាង ជាអ្នកដឹកនាំរឿង នៅពេលខាងមុខឆាប់ៗនេះ។
អ្នកស្រីអម្ពរ ទេវី បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថា «នាងខ្ញុំពិតជារំភើបចិត្ត នៅពេលដែលឃើញបងប្អូននៅតែស្រឡាញ់គាំទ្រការសម្ដែងរបស់នាងខ្ញុំ និងបងទេព រិនដារ៉ូ ។ ថ្វីត្បិតតែនាងខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសា៛យ៉ាងណា ក៏នាងខ្ញុំត្រូវពុះច្រៀកពេលវេលា បន្ទាប់ពីបានទទួលដំណឹងពីបងប្រុស ហ្វៃ សំអាង ទូរស័ព្ទរៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង ទីមួយគឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម។ ទីពីរ ជាសម័យកាលបុរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡើយ»។
អ្នកស្រីអម្ពរ ទេវី បន្តថា «នាងខ្ញុំសប្បាយចិត្តនឹងត្រៀមខ្លួនដើម្បីទៅសម្តែងភាពយន្តភាគខ្នាតធំ រឿង «អប្សរាមហាអង្គរ» នេះ ផលិតដោយផលិតកម្មហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ឹង សុខលាភ នាយកគ្រប់គ្រងការផលិតរបស់ផលិតកម្មហង្សមាស បងប្រុស ហ្វៃ សំអាង ដែលផ្ដល់កិត្តិយសដល់នាងខ្ញុំ សម្ដែងជាតួអ្នកអង្គម្ចាស់ស្ត្រី កាមល ។ នាងខ្ញុំសូមជូនពរលោកទាំងពីរ ព្រមទាំងបងប្អូនទស្សនិកជនទាំងអស់ ជួបតែបុណ្យសំណាងល្អនៅក្នុងជីវិត ជារៀងរហូត»។
ដោយឡែក លោកហ្វៃ សំអាង ជាអ្នកដឹកនាំរឿងខាងលើ បានឲ្យដឹងថា ក្នុងខ្សែភាពយន្តខ្នាតធំ «អប្សរាមហាអង្គរ» នេះ លោកទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ដែលបានឃ្លាតឆ្ងាយពីការសម្ដែងរួមគ្នាយ៉ាងយូរមកហើយនោះ នឹងសម្តែងរួមគ្នាម្តងទៀត ជាមួយទស្សនីយភាពថ្មី សាច់រឿងថ្មី ដោយអ្នកស្រីអម្ពរ ទេវី សម្តែងជាតួអង្គ អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ចំណែកលោកទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះខីណាព្រាហ្មណ៍ ដែលអង្គម្ចាស់ស្ត្រី កាមល លង់ស្នេហ៍ ធ្វើឲ្យកើតជាស្នេហាត្រីកោណ កាច់កុងគ្នាជាមួយនាងបារមី ដែលជានាដកាអប្សរាដែរ សម្តែងដោយអ្នកនាងលី ម៉ារីណា មានចិត្តច្រណែននិន្ទាឈ្នានីស។
លោកហ្វៃ សំអាង ផលិតករ និងជាអ្នកនិពន្ធ-ដឹកនាំរឿងល្បីឈ្មោះ ដែលទើបតែត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមទំព័របណញតាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែរថា «Super stars លោក ទេព រិនដារ៉ូ លោកស្រី អម្ពរ ទេវី រាប់រយរឿងដែលបានសម្តែងរួមគ្នា ទាំងឈុតឆាកកុងកាច់ លែបខាយពាក្យសម្តី ក្រមិចក្រមើម ស្នេហាផ្អែមល្ហែម ។ ល។ តារាទាំងពីរដួងនេះ បានឃ្លាតឆ្ងាយពីគ្នានៅក្នុងការសម្ដែងយ៉ាងយូរ ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រ ស្ទើរតែភ្លេចរសជាតិ។ នៅក្នុងខ្សែភាពយន្តភាគខ្នាតធំ រឿង «អប្សរាមហាអង្គរ» ដែលផលិតដោយផលិតកម្មហង្សមាស តារាទាំងពីរដួង ត្រូវបានអ្នកដឹកនាំសម្ដែង ហ្វៃ សំអាង ចាប់ឲ្យចរចួបគ្នាជាថ្មីម្តងទៀត ដោយអមមកជាមួយឈុតឆាកស្នេហាផ្អែមល្ហែម ល្វីងជូរចត់ និយាយរួមទៅ គឺមានគ្រប់រសជាតិ ដើម្បីផ្តាំចាស់ នៅលើមាគ៌ាសិល្ប:ភាពយន្តនេះ»។
លោកហ្វៃ សំអាង បញ្ជាក់បន្តថា «អម្ពរ ទេវី ជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះខីណាព្រាហ្មណ៍។ រាជនាដកាអប្សរា លង់ព្រះហឫទ័យស្នេហ៍ស្និទ្ធបណ្ឌិតអក្សរសាស្ត្រ នៅរៀងរាល់យប់ថ្ងៃ១៥កើត ខែពេញបូណ៌មី អ្នកអង្គម្ចាស់ស្ត្រី កាមល តែងតែយាងមកទ្រង់ព្រះសណ្តាប់រឿងនិទានបេះដូងរបស់បណ្ឌិតខីណាព្រាហ្មណ៍ ធ្វើឲ្យនាងបារមី ដែលជានាដកាអប្សរាដែរ មានចិត្តច្រណែននិន្ទាឈ្នានីស ព្រោះតែបេះដូងរបស់នាងបានធ្លាក់ចូលទៅក្នុងជ្រោះស្នេហ៍របស់បណ្ឌិតអក្សរសាស្ត្រនោះ ដោយដកមិនរួច។ សង្គ្រាមបេះដូង ក៏បានផ្ទុះឡើងពេញផ្ទៃរឿងទាំងមូល។ តួអង្គនាងបារមី ត្រូវបានធ្លាក់ទៅលើតារាសម្តែង លី ម៉ារីណា ជាអ្នកគ្រង តែមកលើកនេះ ត្រូវអ្នកដឹកនាំសម្ដែង ផ្លាស់ប្ដូររសជាតិសម្តែងរបស់គាត់ ដែលបងប្អូនមិនធ្លាប់បានឃើញគាត់សម្ដែងបែបនេះពីមុនមកទេ។ រង់ចាំតាមដានតារាទាំងបីដួង នៅលើថ្នាលស្នេហាត្រីកោណ លោកអ្នកនឹងមានអារម្មណ៍ស្រលាញ់ ស្អប់ ក្នាញ់ ខឹង លន្លង់លន្លោចទៅតាមផ្ទៃរឿង។ សូមអរគុណបងប្អូនដែលស្រលាញ់គាំទ្រសិល្បៈភាពយន្តខ្មែរ អរគុណដែលបានលះបង់ពេលវេលាចុច Like comment shared និងផ្តល់ជាមតិយោបល់ សូមជួបតែសំណាងល្អគ្រប់ៗគ្នា»។
លោកហ្វៃ សំអាង ឲ្យដឹងបន្ថែមទៀតថា ក្រៅពីតារាជើងចាស់ខាងលើនេះ លោកនិងក្រុមការងារផលិតរឿង «អប្សរាមហាអង្គរ» បានជ្រើសរើសយកកញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) មកសម្ដែងជាតួអង្គនាងឆោម ឆវី និងតួនាងឆោម ឆផ្កា តាំងពីមុនពេលកញ្ញាចូលរួមប្រកួតកញ្ញាឯកទៅទៀត ហើយលោកពិតជាភ្ញាក់ផ្អើល នៅពេលឃើញកញ្ញារូបនេះ ចូលរួមប្រកួត ហើយទទួលបានតំណែងលេខ១ ក្នុងការប្រកួត។ ដូច្នេះក្នុងឱកាសដែលកញ្ញា ជាកញ្ញាឯកតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ (Miss Grand International 2022) នៅប្រទេសឥណ្ឌូនេស៊ី នៅពេលនេះ លោកសូមជូនពរឲ្យបានទទួលជោគជ័យ ពេលត្រលប់មកវិញ ត្រូវរួមការងារជាមួយគ្នា។
លោកហ្វៃ សំអាង ឲ្យដឹងទៀតថា ក្នុងខ្សែភាពយន្តខ្នាតធំ «អប្សរាមហាអង្គរ» នេះ មានកញ្ញាឯក ចំនួន៥ដួង ចូលរួមសម្តែង រួមទាំងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី, កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២១ សុតធីតា ប៉ូគឹមថេង, កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ កញ្ញាសេង រដ្ឋា និងកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០១៨ (Miss universe Cambodia 2018) កញ្ញារឿន ណាត ផងដែរ ៕ ខៀវទុំ