Monday, September 23, 2024
Homeព័ត៌មានជាតិផ្លោះរបងចូលលួច ចំថ្ងៃស៊យខ្នោះ

ផ្លោះរបងចូលលួច ចំថ្ងៃស៊យខ្នោះ

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះរបង បំណងចូលទៅលួចរបស់ទ្រព្យរបស់ប្រជាពលរដ្ឋ ប៉ុន្តែដោយសារងងុយដេកខ្លាំងពេក ក៏ប្រះខ្លួនដេក ១ភាំងសិន ដឹងអី បើកភ្នែកឡើង ភ្លឺល្មម ទើបប្រញាប់ប្រញាល់រត់ចេញមកវិញ ក៏ត្រូវម្ចាស់ផ្ទះប្រទះឃើញ ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋជិតខាងព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតេឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា ជនសង្ស័យខាងលើ មានឈ្មោះស៊ឹម សិលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពផ្លោះរបងផ្ទះរបស់បុរសរងគ្រោះម្នាក់ អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុ បំណងចូលទៅលួចទ្រព្យសម្បត្តិ ប៉ុន្តែពេលចូលទៅដល់ ដោយសារងងុយដេកពេក ទើបជនសង្ស័យ បានប្រះខ្លួនដេកលក់ទៅ រហូតដល់ព្រឹកឡើង ជនសង្ស័យចុះមកដីវិញ ហើយក៏ត្រូវម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏ស្រែកឆោឡោ ព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅយប់កើតហេតុ ខ្លួនមានបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមបន្ទប់ជួល តែដោយសារងងុយពេក ក៏បានដេកតែម្តង លុះព្រឹកឡើងខ្លួនក៏បានចុះមកដីវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ជនសង្ស័យ បានសារភាពបន្តថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ខ្លួនធ្លាប់បានផ្លោះរបង បើកទ្វារបន្ទប់ជួល ហើយធ្វើសកម្មភាពលួចទូរស័ព្ទដៃ ចំនួន១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ ដែលដាក់លើតុ រួចធ្វើសកម្មភាពចូលបន្ទប់ជួលមួយទៀតលួចយកសោម៉ូតូ ហើយចុះមកក្រោមលួចយកម៉ូតូម៉ាក ZOOMER-X ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ សៀមរាប 1AE-3786 ចំនួន ១គ្រឿង រួចរត់គេចខ្លួន។ លុះដល់វេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ រូបគេបានផ្លោះរបងចូលផ្ទះខាងលើម្តងទៀត ហើយក៏បានធ្វើសកម្មភាពលួច iPad ចំនួន១គ្រឿង រួចក៏បានលក់ទៅឱ្យបក្ខពួក (គេចខ្លួន) បានប្រាក់ចំនួន ៧ម៉ឺនរៀល។

បន្ទាប់ពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ ដកហូតវត្ថុតាងបានរួមមាន ម៉ូតូ ចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ឱ្យជនរងគ្រោះ យកទៅប្រើប្រាស់វិញហើយ៕

RELATED ARTICLES