Monday, September 23, 2024
Homeព័ត៌មានជាតិសោកនាដកម្ម គ្រោះថ្នាក់លិចទូកដ សិស្សប្រុសស្រី ស្លាប់ ១១នាក់

សោកនាដកម្ម គ្រោះថ្នាក់លិចទូកដ សិស្សប្រុសស្រី ស្លាប់ ១១នាក់

ខេត្តកណ្តាល ៖ ហេតុការណ៍ដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងទៅលើក្មេងៗជាសិស្សសាលា ១ក្រុម ដែលទើបនឹងចេញពីសាលារៀន នាំគ្នាឆ្លងតាមទូកដ សំដៅទៅផ្ទះ នៅកណ្តាលកោះវិញទាំងយប់ ខណៈដែលឆ្លងជិតដល់ត្រើយម្ខាងទៅហើយ  ស្រាប់តែជួបគ្រោះអកុសល លិចទូកដ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ចំនួន១១នាក់ ចំណែក ៤នាក់ ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេល និងម្នាក់ កំពុងបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ គិតត្រឹមល្ងាចថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២២។ ករណីនេះ សម្តេចហ៊ុន សែន នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារជនរងគ្រោះ និងដាក់បទបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តស្វែងរកជនរងគ្រោះឲ្យឃើញទាំងអស់។

ហេតុការណ៍គ្រោះថ្នាក់លិចទូកចម្លង ដឹកសិស្សនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចកំពង់ចម្លង មួយកន្លែង ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលដឹកនាំកម្លាំងជួយរុករកជនរងគ្រោះ ពេញ១យប់ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ថា នៅលើទូកដ ដែលលិចកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានមនុស្សសរុបចំនួន ១៥នាក់។ នៅក្នុងចំណោមជនរងគ្រោះទាំង១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ និងជួយសង្គ្រោះ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចំនួន ៦នាក់ (ស្លាប់២នាក់) ហើយរហូតមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងសង្គ្រោះ បានរកឃើញសពជនរងគ្រោះ ៨នាក់ទៀត ដូច្នេះជនរងគ្រោះដែលបាត់បង់ជីវិត កើនឡើងដល់១០នាក់ ចំណែកអ្នកបាត់ខ្លួន ១នាក់ និងជួយសង្គ្រោះបានចំនួន ៤នាក់។

យោងតាមរបាការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានរកឃើញ និងជួយសង្គ្រោះ ក្រោយពីកើតហេតុភ្លាមៗ (យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២) រួមមាន ទី១-ឈ្មោះថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករបើកទូកដ រស់នៅ ភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក (រស់)។ ទី២-ឈ្មោះវណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករបើកទូកដ រស់នៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក (រស់)។ ទី៣-ឈ្មោះវី ចាន់បូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាកោះចំរើន រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (រស់)។ ទី៤-ឈ្មោះសូត្រ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យហ៊ុនសែន កំពង់ភ្នំ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (រស់)។ ទី៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាកោះចំរើន រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (ស្លាប់) និងទី៥-ឈ្មោះសុភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក (ស្លាប់)។

ដោយឡែក ជនរងគ្រោះផ្សេងទៀត ដែលត្រូវបានរកឃើញនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រួមមាន ៖ ទី១-ឈ្មោះឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ (ស្លាប់)។ ទី២-ឈ្មោះសុវត្ថិ សុវណ្ណសក្ខិណា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសiស្សថ្នាក់ទី៦ សាលាបឋមសិក្សាកោះចំរើន (ស្លាប់)។ ទី៣-ឈ្មោះសុចាន់ សុជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាកោះចំរើន (ស្លាប់)។ ទី៤-ឈ្មោះភារុំ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្សសាលាបឋមសិក្សាកោះចំរើន (ស្លាប់)។ ទី៥-ឈ្មោះសុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ (ស្លាប់)។ ទី៦-ឈ្មោះជូ លី ហៅចិន្តា ជូលី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ (ស្លាប់)។ ទី៧-ឈ្មោះរ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្សសាលាបឋមសិក្សាកោះចំរើន (ស្លាប់)។ ទី៨-ឈ្មោះផាត សុគីមហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ (ស្លាប់) និងទី៩-ឈ្មោះមាស សុវណ្ណារាជ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ (បាត់ខ្លួន)។

ចំណែកមធ្យោបាយសរុប ដែលត្រូវបានរកឃើញនិងស្រង់ឡើងមកលើគោកវិញ រួមមាន ៖ ម៉ូតូរ៉ឺម៉ក ចំនួន១គ្រឿង ម៉ូតូ ចំនួន១គ្រឿង និងកង់ ចំនួន១២គ្រឿង។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីជាសិស្សសាលាម្នាក់ ដែលបានរួចផុតជីវិតពីឧបទ្ទវហេតុលិចទូកដខាងលើ បានរៀបរាប់ប្រាប់ទាំងរន្ធត់ចិត្តថា ជារៀងរាល់ថ្ងៃ គាត់និងអ្នកភូមិ តែងនាំគ្នាមកឈររង់ចាំកូនៗដែលត្រឡប់មកពីសាលារៀន និងឆ្លងតាមទូកដ នៅមាត់ច្រាំង ជាប្រចាំ។ លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ គាត់បានមកឈរចាំកូនស្រី តាមទម្លាប់ ប៉ុន្តែថ្ងៃនោះ មានតែរូបគាត់ និងក្មេងប្រុសម្នាក់ទៀតប៉ុណ្ណោះ ដែលមករង់ចាំម្តាយរបស់គេដែរ ចំណែកអ្នកភូមិផ្សេងទៀត មិនបានមកទេ។ លុះពេលទូកដឆ្លងមកដល់ជិតត្រោយទៅហើយ ស្រាប់តែលិចចូលក្នុងទឹកតែម្តង ហើយគាត់ឃើញមានក្មេងប្រមាណតែ ២-៣នាក់ប៉ុណ្ណោះ ដែលអណ្តែតតាមទឹក ខណៈដែលក្មេងៗជាច្រើននាក់ទៀត មិនឃើញអណ្តែតសោះឡើយ។

ស្ត្រីខាងលើ បានបន្តថា បន្ទាប់មក គាត់ព្យាយាមស្រែកហៅកូនស្រី ជាច្រើនដង ទម្រាំឮសំឡេងកូនស្រីរបស់គាត់ឆ្លើយ ហើយភ្លាមនោះ គាត់បានប្រាប់ក្មេងប្រុសម្នាក់ដែលឈរចាំផ្លូវម្តាយជាមួយគាត់ ឱ្យរត់ទៅប្រាប់អ្នកភូមិ ដើម្បីមកជួយក្មេងៗ និងរកពោងទឹក មកផង។ រំពេចនោះ ក្មេងប្រុសរូបនោះ ក៏រត់ទៅប្រាប់អ្នកភូមិ និងបានកាន់ពោង១ ស្ទុះចុះទៅក្នុងទឹក ជួយបានក្មេងប្រុសម្នាក់។ ចំណែកកូនស្រីគាត់ សំណាងល្អ នៅឈរលើបាតទូកដែលលិចនោះ និងត្រូវបានគេជួយសង្គ្រោះទាន់ពេល ទើបបានរួចរស់ជីវិតម្នាក់ដែរ។ រីឯរូបគាត់ ទោះបីជាចេះហែលទឹកដែរ ប៉ុន្តែដោយសារការភ័យស្លន់ផង ខ្លួនជាស្រី កម្លាំងមិនដល់ផង ទើបមិនអាចចុះទឹកជួយកូនស្រី និងក្មេងៗផ្សេងទៀតបានឡើយ ដោយបានត្រឹមឈរស្រែកហៅគេឯងឱ្យជួយប៉ុណ្ណោះ។

ស្ត្រីដដែល បញ្ជាក់ថា គាត់សប្បាយចិត្តដែលកូនស្រីរបស់គាត់បានរួចជីវិត ប៉ុន្តែគាត់ក៏មានការសោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតក្មេងៗក្នុងភូមិជាច្រើននាក់ ដែលភាគច្រើនគឺជាសិស្សពូកែ និងសិស្សដែលសង្វាតសិក្សារៀនសូត្រ ខំប្រឹងឆ្លងទូកដ ទាំងយប់ ដើម្បីតែបានសិក្សារៀនសូត្រ ហើយឆ្លងតាមបទពិសោធន៍ដ៏ជូរចត់សម្រាប់អ្នកភូមិរបស់គាត់នេះ តាងនាមឱ្យអ្នកភូមិកោះចំរើន គាត់ទទូចស្នើសុំដល់រាជរដ្ឋាភិបាល ពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយសាងសង់ស្ពានមួយ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកភូមិកោះចំរើន ផង ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ដូចពេលនេះ។

តាមសម្តីក្មេងស្រី ឈ្មោះ វី ចាន់បូរ៉ា អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ដែលបានរួចរស់ជីវិតពីគ្រោះថ្នាក់លិចទូកដនោះ បានឲ្យដឹងថា មុនកើតហេតុ នៅពេលពួកនាងនិងសិស្ស១២នាក់ទៀត កំពុងជិះទូកដ ឆ្លងមកជិតដល់ត្រើយម្ខាងទៅហើយ ស្រាប់តែទឹកចូលទូកដផ្នែកខាងមុខ ទើបអ្នកបញ្ជាទូកដ បានប្រាប់ឲ្យក្មេងៗដែលនៅផ្នែកខាងមុខនៃទូក មកខាងក្រោយ តែក្មេងៗទាំងនោះមិនស្តាប់ ទើបទូកដបានផ្អៀង ហើយលិចតែម្តង។ ចំណែករូបនាង ជិះលើរ៉ឺម៉ក នៅផ្នែកខាងក្រោយទូកដ នៅពេលឃើញបែបនេះ ក៏បោះកាបូបដាក់សៀវភៅចោល ហើយលោតចេញពីទូកដ បណ្តែតខ្លួនរហូតមកដល់ច្រាំងតែម្តង។ បើតាមក្មេងស្រីដដែល ថា ទូកដលិច អាចមកពីដឹកធ្ងន់ពេក ក្នុងនោះមានម៉ូតូរ៉ឺម៉កមួយគ្រឿង និងម៉ូតូ ១គ្រឿង កង់ ១២គ្រឿង និងមនុស្ស ទាំងអស់​១៥នាក់។ 

លោកស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីនេះ បានកើតឡើងនៅពេលសិស្សបានចេញពីរៀន រួចក៏ជិះទូកដ ឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះ ក្នុងភូមិកោះចំរើន ដែលនៅលើកោះនោះ មានប្រជាពលរដ្ឋរស់នៅប្រហែលជាង ៣០០គ្រួសារ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកស្នងការ បន្តថា កន្លងទៅ មិនដែលមានគ្រោះថ្នាក់បែបនេះកើតឡើងឡើយ តែលើកនេះ មកពីទឹកឡើង ទើបជួបហេតុការណ៍អាក្រក់នេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យនិងបញ្ជាដោយផ្ទាល់ក្នុងប្រតិបត្តិការរុករកសិស្សសាលាដែលរងគ្រោះដោយឧបទ្ទវហេតុលិចទូកចម្លងនេះ។

ក្នុងនាមជាសេនាធិការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា លើការងារគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះនិងរុករកក្មេងលិចទូកដនេះ។ តាំងពីពេលទូកលិចភ្លាមៗ លោកបានចាត់បញ្ជូនមន្ត្រីជំនាញមុជទឹក ពីអង្គភាពបោសសម្អាតមីន ស៊ីម៉ាក់ និងកងទ័ពពិសេស ៩១១ ចុះមុជរាវរកក្មេងៗរងគ្រោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបញ្ផាក់ថា ជាតុល្យការ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងចំណោមជនរងគ្រោះ ១៥នាក់ ត្រូវបានជួយសង្គ្រោះ ៤នាក់ នៅរស់រានមានជីវិត រកឃើញសព ១០នាក់ និងកំពុងបាត់ខ្លួនម្នាក់ទៀត ហើយជនរងគ្រោះដែលបាត់ខ្លួននោះ ក្រុមប្រតិបត្តិការរុករកបន្ត រហូតដល់ឃើញសព ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ។ ទន្ទឹមនឹងការចូលរួមសម្តែងនូវការសោកស្តាយចំពោះថ្នាក់ដ៏អកុសលនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ លិចលង់ ឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរឆ្លងកាត់ទឹក ឬឆ្លងកាត់តំបន់លិចលង់ ដើមបីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

ជុំវិញហេតុការណ៍ដ៏សោកសង្រេងខាងលើនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខ និងបញ្ជាឲ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះ ឱ្យបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលា ទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួន ត្រូវបានជួយសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ និងមួយចំនួនទៀត នៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និងជនរងគ្រោះ ឱ្យបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង…”។

ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់កូន និងចៅជាទីស្រឡាញ់ នៅក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលា ទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែកនេះផងដែរ។

ជាការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពក្មេងប្រុសស្រីរងគ្រោះខាងលើនេះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមនូវបច្ច័យដល់ក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧបទ្ទវហេតុលិចទូកក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្នុងមួយគ្រួសារសព ២០លានរៀល៕

RELATED ARTICLES