ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០២៦ នេះ រាជធានីភ្នំពេញ មានអ្នកកើតជំងឺគ្រុនឈាម ចំនួន១៨២៦ករណី បើធៀបទៅនឹងកាលពីឆ្នាំ២០២៥ កន្លងទៅ មានអ្នកកើតជំងឺគ្រុនឈាម សរុបរហូតដល់ ១០១០០ករណី។

នេះបើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលីកទី២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន និងលោកឯក ឃុនដឿន អភិ បាលរង តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

យ៉ាងណា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម នេះ លោកងី មានហេង បានណែនាំសហគមន៍ ភូមិ រដ្ឋបាលសង្កាត់ និងខណ្ឌ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល អនុវត្តវិធានការសំខាន់ៗឱ្យបានជាប្រចាំ។វិធានការសំខាន់ទាំងនោះ រួមមាន ការលុបបំបាត់ជម្រកមូសខ្លា តាមរយៈការសម្អាតបរិស្ថាន និងបំបាត់ទឹកដក់នៅតាមផ្ទះ និងសហគមន៍ យ៉ាងតិច ២ដង ក្នុងមួយឆ្នាំ ពោលគឺនៅខែឧសភា និងខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏នឹងចុះបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិដែលមានករណីអ្នកកើតជំងឺគ្រុនឈាម លើសពី២នាក់ ក្នុងមួយសប្តាហ៍ ផងដែរ។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញផ្ទះ និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ នៅក្នុងសហគមន៍៕
