Monday, September 23, 2024
Homeព័ត៌មានជាតិខឹងមេព្រៃស្ទាក់ចាប់ ឈ្មួញឈើទាញពូថៅកាប់

ខឹងមេព្រៃស្ទាក់ចាប់ ឈ្មួញឈើទាញពូថៅកាប់

ខេត្តព្រះវិហារ ៖ រថយន្តម៉ាកស៊ីណា ពណ៌ស អត់ស្លាកលេខ ១គ្រឿង ដឹកឈើប្រភេទសុក្រំពេញ ចេញពីទឹកដីខេត្តព្រះវិហារ បម្រុងលោតឆត្រទៅខេត្តកំពង់ធំ ត្រូវបានកម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ស្ទាក់បង្ក្រាប ធ្វើឱ្យឈ្មួញឈើខឹងសម្បា ក៏ទាញពូថៅបម្រុងកាប់មេព្រៃទៀតផង។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅលើដងផ្លូវលេខ៩៥ ចំណុចភូមិទួល ឃុំរីករាយ ស្រុករវៀង។

លោកស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលដឹកនាំប្រតិបត្តិការបង្ក្រាបខាងលើ បានឱ្យដឹងថា មុខសញ្ញារថយន្តដឹកបទល្មើសនេះ ក្រុមលោកតាមដានយូរហើយ ថ្ងៃនេះក៏ប្រទះឃើញនៅឃុំរួសរាន់ កម្លាំងក៏តាមប្រដេញបង្ក្រាប តាំងពីម៉ោង៤រសៀល ទើបឃាត់បាននៅវេលាម៉ោង ៧និង១៥នាទីយប់ ត្រង់ចំណុចភូមិទួលឃុំរីករាយ ស្រុករវៀង ។

លោកស៊ុំ សុវុត្ថា បានបញ្ជាក់ប្រាប់ថា ខណៈដែលកម្លាំងរបស់លោកស្ទាក់បង្ក្រាបជាក់ស្តែងនោះ ស្រាប់តែកើតមានការប្រទាញប្រទង់គ្នា ដោយពួកបទល្មើស (មេឈ្មួញឈើ) បានទាញពូថៅបម្រុងកាប់ក្រុមលោកទៀតផង ប៉ុន្តែដោយសារកម្លាំងលោកមានច្រើន ទើបពួកគេមិនហ៊ាន និងរត់បាត់អស់ទៅ។

ជុំវិញប្រតិបត្តិការខាងលើ គេនៅមិនទាន់ដឹងពីចំនួនឈើពិតប្រាកដនៅឡើយ ខណៈដែលកម្លាំងជំនាញ កំពុងអូសរថយន្តទៅស្នាក់ការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES