ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ កំពុងជិះម៉ូតូ ១គ្រឿង តាមផ្លូវ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង ដែលសល់តែគ្រោងឆ្អឹងដែក បានធ្វើសកម្មភាពស្ទាក់ផ្លូវ រួចចុះមកដាល់ចំនួន២ដៃ និងច្រានទម្លាក់ពីលើម៉ូតូ រួចប្លន់យកម៉ូតូថ្មី ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយទុកម៉ូតូកញ្ចាស់ ១គ្រឿង ឲ្យនារីរងគ្រោះ។
ករណីវាយប្លន់ម៉ូតូថ្មី ទុកម៉ូតូកញ្ចាស់ឲ្យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ។
នារីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះសុវណ្ណ សុម៉ាលី អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ (ផ្ទះក្បែរកន្លែងកើតហេតុ)។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-7857។ រីឯជនសង្ស័យ មានគ្នាចំនួន២នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូកញ្ចាស់ ១គ្រឿងមកធ្វើសកម្មភាព ហើយក្រោយធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះបានសម្រេច ក៏នាំគ្នាឡើងជិះម៉ូតូថ្មី គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងកំពុងជិះម៉ូតូ តែម្នាក់ឯង នៅក្នុងភូមិ ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង មកស្ទាក់ម៉ូតូនាងពីមុខជាប់ បន្ទាប់មកជនសង្ស័យបាននាំគ្នាចុះដើរសំដៅមករកនាង រួចធ្វើសកម្មភាពដាល់នាងចំនួន ២ដៃ និងបានច្រានទម្លាក់នាងពីលើម៉ូតូ រួចប្លន់យកម៉ូតូរបស់នាង ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូកញ្ចាស់ មួយគ្រឿង នៅកន្លែងកើតហេតុ។
ម៉ូតូកញ្ចាស់ ១គ្រឿង ដែលជនសង្ស័យបន្សល់ទុកនោះ ម៉ាកហុងដា វ៉េវ ស៊េរីចាស់ ពណ៌ក្រហម គ្មានអាវ និងគ្មានស្លាកលេខ គឺសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យភិនភាពម៉ូតូរបស់ជនសង្ស័យ និងសាកសួរព័ត៌មាន រួចយកម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យ និងតាមចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕