Monday, September 23, 2024
Homeព័ត៌មានជាតិករណីលិចទូកដ ស្លាប់១១នាក់ ឃាត់ខ្លួន៣នាក់

ករណីលិចទូកដ ស្លាប់១១នាក់ ឃាត់ខ្លួន៣នាក់

ខេត្តកណ្តាល ៖ ករណីលិចទូកចម្លង (ទូកដ) បណ្តាលឲ្យក្មេងប្រុសស្រី ជាសិស្ស ស្លាប់​១១នាក់ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ៣នាក់ ជាម្ចាស់ទូកដ និងអ្នកបើកបរទូក យកទៅសាកសួរ និងចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថា កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ គឺម្ចាស់ទូកដ ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ពាក់ព័ន្ធហេតុការណ៍លិចទូកដ បណ្តាលឱ្យស្លាប់សិស្សប្រុសស្រី ចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះឆឹង វណ្ណា ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ទូកដ។ ទី២-ឈ្មោះឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដ។ អ្នកទាំងពីរ ត្រូវជាបងប្អូនបង្កើត នឹងគ្នា និងទី៣-ឈ្មោះថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។ ជនសង្ស័យទាំង៣នាក់ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកស្នងការ បានបញ្ជាក់ថា នៅពេលកម្លាំងសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ទូកដ និងអ្នកបើកបរ ចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដដទៃទៀត ឱ្យមានស្មារតីប្រុង ប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់បន្ថែមថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេស របស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថា ទូកចម្លង (ទូកដ) ដឹកសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុង បានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម។

គួររំលឹកថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានហេតុការណ៍ដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើង ទៅលើក្មេងៗជាសិស្សសាលា ១ក្រុម ដែលទើបនឹងចេញពីសាលារៀន នាំគ្នាឆ្លងតាមទូកដ សំដៅទៅផ្ទះ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក វិញទាំងយប់ ខណៈដែលឆ្លងជិតដល់ត្រើយម្ខាងទៅហើយ ស្រាប់តែជួបគ្រោះអកុសល លិចទូក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម សរុបចំនួន១១នាក់ ចំណែក ៤នាក់ ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា នៅលើទូកដ ដែលលិចកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នោះ មានមនុស្សសរុបចំនួន១៥នាក់ (សិស្ស ១៣នាក់) ។ នៅក្នុងចំណោមជនរងគ្រោះទាំង១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញនិងជួយសង្គ្រោះ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចំនួន ៦នាក់ (ស្លាប់២នាក់)។ បន្ទាប់មកពេញ១ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កម្លាំងសង្គ្រោះ បានរកឃើញសពជនរងគ្រោះ ៨នាក់ទៀត។ លុះមកដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទើបរកឃើញសាកសពក្មេងប្រុសចុងក្រោយ (សាកសពទី១១) ដែលធ្វើឱ្យចំនួនជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះអកុសលខាងលើ បានកើនឡើងដល់ ១១នាក់៕

RELATED ARTICLES