Monday, September 23, 2024
Homeព័ត៌មានជាតិ៣០ព្រួតវ៉ៃ៥ ជាប់ខ្នោះ១០

៣០ព្រួតវ៉ៃ៥ ជាប់ខ្នោះ១០

ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើងមួយក្រុម មានគ្នាប្រមាណជិត ៣០នាក់ បានធ្វើសកម្មភាពព្រួតវាយទៅលើគូភាគីម្ខាងទៀត ដែលមានគ្នា ៥នាក់ បណ្តាលឱ្យរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនក្រុមជនបង្កហេតុ បានសរុបចំនួន១០នាក់ ខណៈដែលបក្ខពួកប្រមាណ ២០នាក់ទៀត បានរត់គេចបាត់អស់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចរង្វង់មូលដីបាក់ ផ្លូវឡើងទៅច្រកជប់គគីរ ស្ថិតក្នុងភូមិចាន់ក្រហមសែនជ័យ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

ក្មេងទំនើងទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះរ៉ា រី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិយ៉ក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី២-ឈ្មោះវួត ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពង្រ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៣-ឈ្មោះឡុង លី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៤-ឈ្មោះបុល ត្រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៥-ឈ្មោះជា សុផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយ៉ក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៦-ឈ្មោះយ៉ុន លាក់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៧-ឈ្មោះផល ផាវ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិយ៉ក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។  ទី៨-ឈ្មោះវ៉ាត់ ភូណាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពង្រ ឃុំអុម្ពិល ស្រុកបន្ទាយអម្ពិល។ ទី៩-ឈ្មោះអៀ អឿត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល និងទី១០-ឈ្មោះឈឿយ ឈឿប ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរុងរឿង ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ រីឯបក្ខពួកប្រមាណ២០នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច នាំគ្នារត់គេចខ្លួនអស់។ 

ចំណែកភាគីរងគ្រោះ មានចំនួន៥នាក់ រួមមាន ៖ ទី១-ឈ្មោះទាវ ចាន់រះ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពងទឹក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ទី២-ឈ្មោះចក់ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពងទឹក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។   ដោយឡែក ៣នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ធថា មានក្រុមក្មេងទំនើងជាច្រើននាក់ កំពុងវាយតប់គ្នានៅត្រង់ចំណុចខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ និងមានការចង្អុលបង្ហាញជាប្រចាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យលោកវសេនីយ៍ឯក ឃុល ភិន អធិការស្រុកបន្ទាយអម្ពិល បានចាត់ឱ្យលោកវរសេនីយ៍ត្រី ស៊ឹម វណ្ណៈ អធិការរងទទួលផែនការងារ ព្រហ្មទណ្ឌដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានភ្លាមៗ យកមកកាន់អធិការស្រុក ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី ស៊ឹម វណ្ណៈ អធិការរងទទួលផែនការងារព្រហ្មទណ្ឌស្រុកបន្ទាយអម្ពិល បានប្រាប់ឱ្យដឹង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថា ករណីហិង្សាដោយចេតនាខាងលើនេះ បង្កដោយក្មេងទំនើង ១ក្រុម មានគ្នាប្រហែល ៣០នាក់ (ឃាត់ខ្លួនបានចំនួន១០នាក់) បានធ្វើសកម្មភាពស្ទាក់វាយតប់គ្នា ជាមួយក្មេងទំនើង ១ក្រុមទៀត មានគ្នាចំនួន ៥នាក់ បង្កឱ្យមានរបួសចំនួន២នាក់ ហើយក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនមនុស្សទាំង១០នាក់ភ្លាមៗ និងបានដកហូតម៉ូតូ ចំនួន៥គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង១០នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង១០នាក់ កន្លងមកក៏ធ្លាប់វ៉ៃបងប្អូនរបស់ជនរងគ្រោះទាំង៥នាក់នោះម្តងរួចមកហើយ នៅចំណុចភូមិពងទឹក ហើយក្រោយមកទៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពម្តងទៀត។ មូលហេតុដែលនាំឱ្យពួកគាត់ឈានដល់ការប្រើហិង្សានេះ មកពីពួកគេបានឃើញក្រុមម្ខាងទៀត មានគ្នា៥នាក់ នៅចំណុចរង្វង់មូលភូមិដីបាក់ ផ្លូវឡើងទៅជប់គគីរ ភ្លាមៗនោះពួកខ្លួនក៏បានទូរស័ព្ទហៅបក្ខពួកជាច្រើននាក់មកទៀត ដើម្បីនាំគ្នាមកវ៉ៃពួកទាំង៥នាក់នោះ តែម្តង។

ក្រុមក្មេងទំនើងទាំង១០នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យា អប់រំណែនាំ រួចបានហៅអាណាព្យាបាល ឱ្យមកធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

ប៊ុនថេត

RELATED ARTICLES