Monday, September 23, 2024
Homeព័ត៌មានជាតិជួបមុខ អត់និយាយ បាញ់២គ្រាប់ បាក់ជើង

ជួបមុខ អត់និយាយ បាញ់២គ្រាប់ បាក់ជើង

ភ្នំពេញ ៖ បុរសម្នាក់ កំពុងឈរលេងនៅលើស្ពានស្ទឹងមានជ័យ តែម្នាក់ឯង ស្រាប់តែលេចមុខបុរសម្នាក់ទៀត ដែលជាមនុស្សធ្លាប់ស្គាល់គ្នា ជិះម៉ូតូ ១គ្រឿង មកដល់ ទើបដើរទៅសម្តែងការគួរសម សួរនាំថាទើបមកពីណាទៅណា? ស្រាប់តែបុរសរូបនោះ មិនស្តីតប បែរជាដកកាំភ្លើងខ្លី ពីចង្កេះ បាញ់ភ្ញច់ដី ក្បែរជើងជនរងគ្រោះ២គ្រាប់ ធ្វើឱ្យផ្លាតចំជើងជនរងគ្រោះ ១គ្រាប់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បានជិះម៉ូតូគេចខ្លួនបាត់។

ករណីផ្ទុះអាវុធ បណ្តាលឱ្យរងរបួសបុរសម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវកោងក្រោមស្ពានស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនរងគ្រោះខាងលើសុំមិនបញ្ចេញឈ្មោះ ប៉ុន្តែបញ្ជាក់ថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើង មានឈ្មោះវីរៈ ជាអ្នកធ្វើការយាមម្តុំវាំង ហើយពួកខ្លួនធ្លាប់ស្គាល់គ្នាចំនួន ១លើកតែប៉ុណ្ណោះ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់ជាមួយនឹងជនសង្ស័យដែលជាខ្មាន់កាំភ្លើង គឺជាអ្នកធ្លាប់ស្គាល់គ្នា លុះមកដល់យប់ថ្ងៃកើតហេតុ រូបគាត់បានឈរលេងនៅលើស្ពានស្ទឹងមានជ័យ ចំណុចផ្លូវកោងដែលជាកន្លែងកើតហេតុ ស្រាប់តែបុរសជាខ្មាន់កាំភ្លើង បានជិះម៉ូតូ ១គ្រឿង ម៉ាក Air black ពណ៌ខ្មៅ មកដល់។ ឃើញបែបនេះ រូបគាត់ជាជនរងគ្រោះ បានដើរទៅសួរនាំថា តើបងមកពីណា? ក្នុងន័យរាក់ទាក់ គួរសម ក្នុងនាមជាមនុស្សធ្លាប់ស្គាល់គ្នា ស្រាប់តែជនសង្ស័យដែលជាខ្មាន់កាំភ្លើង មិនបានស្តីតបមកវិញនោះទេ បែរជាដកកាំភ្លើងពីចង្កេះ គំរាមរូបគាត់ ហើយបាញ់ភ្ញច់ដី ចំនួន២គ្រាប់ផ្ទួនៗគ្នា បណ្តាលឱ្យផ្លាតគ្រាប់ត្រូវចំភ្នែកគោជើងខាងឆ្វេង រងរបួសតែម្តង។ ចំណែកជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរ និងរកឃើញវត្ថុតាងសំបកការ៍ទូស មួយគ្រាប់ ដែលជាប្រភេទគ្រាប់កាំភ្លើងម៉ាក G-Lock។ ទោះបីជាយ៉ាងណា ករណីផ្ទុះអាវុធខាងលើនេះ ជនរងគ្រោះនិយាយរៀបរាប់ ហាក់មានការ លាក់លៀមច្រើន។

ជនរងគ្រោះ ត្រូវបានដឹកតាមម៉ូតូ យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រង់ចាំទៅដាក់ពាក្យបណ្តឹងតាមក្រោយ។ ចំណែកវត្ថុតាង សំបកការ៍ទូស ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES