Monday, September 23, 2024
Homeព័ត៌មានជាតិរឹតកស្រីសន្លប់ ចាប់រំលោភបានសម្រេច ខ្លាចបែកការ ជាន់កសម្លាប់បំបិទមាត់

រឹតកស្រីសន្លប់ ចាប់រំលោភបានសម្រេច ខ្លាចបែកការ ជាន់កសម្លាប់បំបិទមាត់

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ឃើញស្ត្រីម្នាក់នៅផ្ទះតែម្នាក់ឯង ក៏បែកគំនិតចូលទៅធ្វើសកម្មភាពរឹតកស្ត្រីរងគ្រោះ រហូតដល់សន្លប់ រួចចាប់សម្រាតខោអាវ រំលោភសេពសន្ថវ:រហូតបានសម្រេច លុះធ្វើសកម្មភាពរួច ភ័យខ្លាចស្ត្រីរងគ្រោះដឹងខ្លួន បែកការ ក៏ជាន់កស្ត្រីរងគ្រោះ ទន្ទ្រាំខ្លាំងៗរហូតដល់បាក់គ្រែ និងបណ្តាលឱ្យស្ត្រីរងគ្រោះ បាក់ក ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកជនដៃដល់ បានប្រមូលយកលុយកាក់ ទ្រព្យសម្បត្តិ និងម៉ូតូរបស់ស្ត្រីរងគ្រោះ ជិះគេចខ្លួនបាន ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់។

ករណីរំលោភសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប រួចនាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យជាឃាតករដែលរំលោភសម្លាប់ស្ត្រីរងគ្រោះ រួចប្លន់យកទ្រព្យសម្បត្តិ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយ៉ា ឆានី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការសំណង់ ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះរឿ សារី ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក និងមានស្រុកកំណើតភូមិចន្លោង ឃុំស្រងែ ស្រុកសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប ទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះថា ស្ត្រីរងគ្រោះឈ្មោះរឿ សារិ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះជួល កន្លែងកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្របីរៀល និង គ្រូពេទ្យជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព និងកន្លែងកើតហេតុ រួចកំណត់បានថា ការស្លាប់របស់ស្ត្រីរងគ្រោះខាងលើ គឺមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ហើយសមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់បានមុខសញ្ញាជនសង្ស័យខាងលើ និងតាមចាប់ខ្លួន នាំខ្លួនយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ា ឆានី បានឆ្លើយសារភាពថា រូបគេជាជនដៃដល់តែម្នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវៈនិងសម្លាប់ស្ត្រីរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិ។

ជនសង្ស័យជាឃាតករ បានសារភាពបន្តថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ឆ្វែលមើលជនរងគ្រោះ នៅចំណុចបន្ទប់ជួល ទីតាំងកន្លែងកើតហេតុខាងលើ។ លុះដល់វេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រូបគេបានជិះកង់ចេញពីការដ្ឋានសំណង់ ស្ថិតភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប  ទៅទិញមីឆា និងប្រហិតចៀន នៅចំណុចផ្សារក្របីរៀល រួចជិះកង់សំដៅទៅផ្ទះជនរងគ្រោះ។

ពេលទៅដល់ ខ្លួនឃើញជនរងគ្រោះអង្គុយនៅមុខផ្ទះ ម្នាក់ឯង  ចំណែកទ្វារផ្ទះ គឺបើកចំហ ពេលនោះរូបគេបានកាន់មីឆា និងប្រហិតចៀន ចូលអង្គុយហូបនៅក្នុងផ្ទះជនរងគ្រោះ តែជនរងគ្រោះ មិនបានចូលរួមហូបជាមួយទេ ហើយក៏មិនបាននិយាយអ្វីមកកាន់រូបខ្លួនផងដែរ។ រហូតមកដល់វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល ក្រោយពីគេហូបមីឆានិងប្រហិតចៀនអស់ ស្រាប់តែជនរងគ្រោះ ដើរចូលទៅបន្ទប់ទឹកក្នុងផ្ទះ ហើយគេឃើញឱកាសយប់ស្ងាត់ និងស្រ្តីរងគ្រោះនៅផ្ទះតែម្នាក់ឯង ទើបខ្លួនបានដើរទៅយកខ្សែភ្លើង ប្រវែងប្រហែល ១៥០សង់ទីម៉ែត្រ នៅលើតុ ក្បែរគ្រែដេករបស់ជនរងគ្រោះ មកបត់ជា២ ហើយស្ទុះចូលតាមជនរងគ្រោះទៅក្នុងបន្ទប់ទឹក ដែលកំពុងឈរបែរខ្នងមកទ្វារ ដោយប្រើដៃទាំងពីររឹតកជនរងគ្រោះ និងខ្សែភ្លើង រហូតដល់សន្លប់ ហើយខ្លួនបានដើរទៅបិទទ្វារផ្ទះ (ទ្វាររូត) ដើម្បីកុំឱ្យអ្នកដទៃមើលឃើញ។ បន្ទាប់ពីបិទទ្វារមុខរួច  រូបគេបានយកដៃទាំងពីរស៊កចូលក្រោមក្លៀកស្ត្រីរងគ្រោះទាំងសងខាង រួចចាប់អូសស្ត្រីរងគ្រោះ ទៅដាក់លើគ្រែ ក្បាលបែទៅទិសខាងលិច ជើងទៅទិសខាងកើត ហើយចាប់ស្រាតខោអាវស្ត្រីរងគ្រោះចេញ បន្ទាប់មក ក៏ស្រាតខោខ្លួនឯងត្រឹមជង្គង់ រួចចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ថវៈ ប្រហែល ២ទៅ៣នាទី ទើបសម្រេចបំណង។

ជនសង្ស័យជាឃាតករ បានសារភាពបន្តទៀតថា ក្រោយរំលោភរួច ដោយឃើញស្ត្រីរងគ្រោះនៅមានដង្ហើម និងដៃជើងនៅអាចកម្រើកបាន ទើបគេភ័យខ្លាចបែកការ ក៏បានប្រើជើងខាងស្តាំ ជាន់ទន្ទ្រាំត្រង់បំពង់កស្ត្រីរងគ្រោះខ្លាំងៗ ជាច្រើនជើង បណ្តាលឱ្យបាក់គ្រែ និងធ្វើឱ្យស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់  ប៉ុន្តែខ្លួនមិនបានដឹងថា ស្ត្រីរងគ្រោះបាក់កនោះទេ។ បន្ទាប់ពីសម្លាប់ស្ត្រីរងគ្រោះហើយ ខ្លួនបានយកទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ក្រហម ប្រើស៊ីមកាត លេខ 078 740 437 និងបន្តទៅរើកកាយមើលក្នុងទូរ ឃើញកាបូបដៃ១ ពណ៌ប្រផេះ មានប្រាក់២ម៉ឺនរៀល និងបានយកម៉ូតូស្ត្រីរងគ្រោះ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1Z-2423 បើកចេញ ដោយដៃម្ខាង និងដៃម្ខាងទៀតបណ្តើរកង់ ដោយបើកហួសផ្លូវបត់ចូលទៅការដ្ឋានសំណង់ដែលខ្លួនស្នាក់នៅបណ្តោះអាសន្ន ប្រហែល៥០ម៉ែត្រ ក៏សម្រេចចិត្តទុកម៉ូតូនោះចោល នៅចំណុចខ្ទមមួយ ក្បែរផ្លូវកៅស៊ូ ព្រោះមិនដឹងយកទៅលក់នៅទីណា ម៉្យាងទៀតខ្លាចបែកការ។ បន្ទាប់ពីទុកម៉ូតូប្លុងចោលហើយ រូបគេបានជិះកង់ ទៅដេកនៅការដ្ឋានសំណង់ ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកទូរស័ព្ទជនរងគ្រោះ ទៅប្រើប្រាស់ផងដែរ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES