Monday, September 23, 2024
Homeព័ត៌មានជាតិសុំលុយ២ម៉ឺន មិនបាន កូនទាញដំបងវ៉ៃម៉ែ ដុតផ្ទះចោល

សុំលុយ២ម៉ឺន មិនបាន កូនទាញដំបងវ៉ៃម៉ែ ដុតផ្ទះចោល

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការរោងចក្រវិញដល់ផ្ទះ ក៏លេចមុខកូនប្រុសមកសុំលុយចំនួន ២ម៉ឺនរៀល ប្រាប់ថាយកទៅសងគេ លុះម្តាយប្រាប់ថា អត់មានលុយឱ្យទេ ស្រាប់តែកូនប្រុសក្តៅចិត្ត វាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ រួចទាញដំបងវ៉ៃម្តាយ និងប្រមូលសម្លៀកបំពាក់យកទៅគរដុតចោលក្នុងផ្ទះ ធ្វើឱ្យកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឆេះទាំងផ្ទះ តែសំណាងល្អត្រូវបានសាច់ញាតិ និងអ្នកជិតខាង ជួយពន្លត់ទាន់ពេល បន្ទាប់មកស្ត្រីជាម្តាយ ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់កូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីហិង្សាក្នុងគ្រួសារ កូនប្រុសដុតផ្ទះម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី។

ជនសង្ស័យដែលខឹងសុំលុយម្តាយមិនបាន ដុតផ្ទះចោល និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមីន ដាវីន ហៅខ្វាង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះដោក វ៉ាន់នី អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ម្តាយកូនទាំងពីរ មានលំនៅក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យយដឹងថា ករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ខាងលើនេះ បង្កឡើងដោយកូនបង្កើត ដែលខឹងម្តាយរបស់ខ្លួន រឿងសុំលុយមិនបានដូចបំណង។

តាមការបំភ្លឺពីស្ត្រីរងគ្រោះជាម្តាយ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ពេលគាត់ចេញពីធ្វើការរោងចក្រ មកដល់ផ្ទះ ស្រាប់តែកូនប្រុសឈ្មោះមីន ដាវីន ហៅខ្វាង (ជនសង្ស័យ) បានមកសុំលុយគាត់ចំនួន ២ម៉ឺនរៀល តែគាត់មិនបានឱ្យទេ ព្រោះគ្មានលុយ។

ស្ត្រីរងគ្រោះជាម្តាយ បន្តថា ពេលនោះ កូនប្រុសរបស់គាត់ នៅតែតាមសុំដដែលៗថា យកទៅសងគេ តែគាត់ជាម្តាយ បានឆ្លើយថា ម៉ែមិនមានលុយទេ ជាហេតុធ្វើឱ្យកូនប្រុសខឹងសម្បាយ៉ាងខ្លាំង រួចបានទាររកសោម៉ូតូ បន្ទាប់មក កូនប្រុសបានដើរមកដកសោចេញពីម៉ូតូ ហើយគាត់ជាម្តាយឃើញហើយខ្លាចថា កូនប្រុសយកម៉ូតូទៅណា ក៏បានដើរមកអង្គុយពីលើម៉ូតូ ធ្វើឱ្យកូនប្រុសរូបនេះខឹង ដើររកកាំបិត តែមិនឃើញ ស្រាប់តែពេលនោះ កូនប្រុសរូបនេះ បានទាញដំបងវាយរូបគាត់ជាម្តាយ តែគាត់គេចផុត ក៏ត្រូវក្បាំងម៉ូតូ បណ្តាលឱ្យបែកអស់១ចំហៀង។

ប្រភពដដែល បន្តថា ពេលនោះកូនប្រសារបស់គាត់ម្នាក់ បានចូលមកជួយចាប់ឃាត់ តែកូនប្រុសនោះខឹង ក៏ដើរទៅវាយបែកពាងទឹក អស់១ទៀត ហើយក៏ដើរទៅបំប៉ះតុឱ្យផ្ងារជើង។ បន្ទាប់មក កូនប្រុសនេះនៅតែឈ្លោះជជែកជាមួយរូបគាត់ម្តាយ  រួចក៏ដើរទៅប្រមូលខោអាវ នៅក្រោមផ្ទះ ហើយឡើងលើផ្ទះ ពេលនោះគាត់ស្មានតែកូនប្រុសប្រមូលខោអាវទៅណា ស្រាប់តែមួយសន្ទុះក្រោយមក កូនប្រុសនេះបានយកខោអាវមកគរ រួចដុតចោលនៅលើផ្ទះតែម្តង។ ក្រោយពីធ្វើសកម្មភាពដុតកម្ទេចខោអាវ បណ្តាលឱ្យឆេះរួចមក កូនប្រុសនេះ ក៏ដើរចុះមកក្រោមវិញ ទើបកូនប្រសាគាត់ឃើញ ក៏ឡើងទៅជួយពន្លត់ទាន់ មិនបណ្តាលឱ្យឆេះផ្ទះនោះទេ។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់កូនប្រុសរូបនេះតទៅទៀតលែងបាន ទើបនៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃដដែល ស្ត្រីរងគ្រោះជាម្តាយ បានរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីជាម្តាយ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្កហេតុជាកូនប្រុស នាំយកទៅសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES